ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារការធ្លាក់ថ្លៃចុះវិញនៃប្រាក់ដុល្លារអាមេរិក ខណៈដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអតិផរណា និងការធ្វើបច្ចុប្បន្នភាពជាថ្មីអំពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់២៦៣៧,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៨ភាគរយដល់២៦៣៩,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣១,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦២១,៣០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លា6ក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៨៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៧,០១ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៦%ដល់៣០,៥៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៤%ដល់៩៣២,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៨%ដល់៩៩១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕