ដោយ: គង់ លាងហួរ
អន្តរជាតិ: សព្វថ្ងៃនេះ ទោះជាអ្នកណាក៏អាចទិញភាគហ៊ុនស្ទើរតែគ្រប់ក្រុមហ៊ុន ដែលពួកគេចាប់អារម្មណ៍ ក្នុងរយៈពេលប៉ុន្មានវិនាទី ហើយលោកអ្នកថែមទាំង អាចទិញក្រុមហ៊ុនរាប់សិបក្នុងប្រតិបត្តិការតែមួយ ដើម្បីកាត់បន្ថយហានិភ័យដែ លទាក់ទងនឹងការធ្លាក់ថ្លៃចុះ នៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ។
តួយ៉ាងផ្សារហ៊ុន Japan 225 ឬជាទូទៅគេហៅថា Nikkei 225 ជាសន្ទស្សន៍ភាគហ៊ុនដែលរួមមាន ក្រុមហ៊ុនធំៗរបស់ប្រ ទេសជប៉ុនចំនួន២២៥ ដែលភាគហ៊ុនរបស់ពួកគេត្រូវបានជួញដូរនៅផ្សារហ៊ុនតូក្យូ។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តម្លៃមូលធនប័ត្រទីផ្សារសរុបរបស់ផ្សារហ៊ុន Nikkei 225 មានទំហំទឹកប្រាក់ចំនួន៧០៩,១៨ទ្រីលានយ៉េន។
–ប្រវត្តិនៃការបង្កើតឡើងនូវផ្សារហ៊ុន Nikkei 225
ផ្សារហ៊ុន Nikkei 225 ត្រូវបានបង្កើតជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ១៩៥០ ហើយត្រូវបានគណនាជាបន្តបន្ទាប់ ចាប់តាំងពីពេលនោះមក។ សន្ទស្សន៍ Nikkei 225 ត្រូវបានដាក់ឈ្មោះតាមកាសែត Nihon Keizai Shimbun (Nikkei)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ផ្សារហ៊ុន Nikkei 225 ធ្លាប់បានហកឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត និងកម្រិតទាបបំផុត ដែលឆ្លុះបញ្ចាំងពីដំណាក់ កាលសេដ្ឋកិច្ចផ្សេងៗ ដែលប្រទេសជប៉ុនបានជួបប្រទះ។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧មក សន្ទស្សន៍នេះ ត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់៥វិនាទីម្តង ក្នុងអំឡុងពេលវគ្គជួញដូរ។
ផ្សារហ៊ុននេះបានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ១៩៨៩ ក្នុងកំឡុងពេលដែលទីផ្សារអចលនទ្រព្យ នៅប្រទេសជប៉ុនជួបប្រះពពុះ។ យ៉ាងណាមិញ បន្ទាប់ពីពពុះបានផ្ទុះ សន្ទស្សន៍Nikkei បានធ្លាក់ថ្លៃចុះវិញ ដោយដាំក្បាលចុះដល់កម្រិតទាបបំផុត ចំនួន៧៦០៣,៧៦ពិន្ទុក្នុងខែមេសា ឆ្នាំ២០០៣។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ដែលជាថ្ងៃធ្វើការទីពីរ បន្ទាប់ពីមានការរញ្ជួយដី ដ៏ធំនៅភាគឦសាន នៃប្រទេសជប៉ុន សន្ទស្សន៍ Nikkei 225 នេះបានដាំក្បាលចុះជាង១០% ដោយបិទការជួញដូរនៅត្រឹម៨៦០៥,១៥ពិន្ទុ។ចំនួននេះជាការខាតបង់ប្រមាណ១.០១៥ពិន្ទុ។
ដោយឡែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្របពេលដែលមានការដាំក្បាលចុះ នៃទីផ្សារភាគហ៊ុនសកល ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះជាង៤.២០០ពិន្ទុ។ នៅថ្ងៃបន្ទាប់ សន្ទស្សន៍ Nikkei 225 បានស្ទុះងើបឡើងថ្លៃវិញជាង៣.២០០ពិន្ទុ។
–តួនាទីរបស់សន្ទស្សន៍ Nikkei 225 នៅក្នុងសេដ្ឋកិច្ចសកល
ក្នុងនាមជាសន្ទស្សន៍ ភាគហ៊ុនដ៏ធំបំផុតរបស់ជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយ នៅលើពិភពលោក ផ្សារហ៊ុនNikkei 225 ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចពិភពលោក។
ផ្សារហ៊ុននេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយបណ្តាក្រុមអ្នកវិនិយោគ និងក្រុមសេដ្ឋវិទូនៅទូទាំងពិភពលោក ព្រោះថា សន្ទស្សន៍Nikkei 225 ជារង្វាស់នៃសុខភាពសេដ្ឋកិច្ច និងទំនុកចិត្តនៅលើទីផ្សាររបស់ប្រទេសជប៉ុន។
ការប្រែប្រួលនៃសន្ទស្សន៍ Nikkei 225 អាចជះឥទ្ធិពលដល់ទីផ្សារពិភពលោក។
ជាឧទាហរណ៍ ការដាំក្បាលចុះយ៉ាងគំហុក នៃផ្សារហ៊ុន Nikkei អាចបង្កឱ្យមានការសម្រុក លក់ភាគហ៊ុនចេញនៅក្នុងទីផ្សារផ្សេងទៀត នៅពេលដែលវិនិយោគិន មានប្រតិកម្មចំពោះព័ត៌មានអវិជ្ជមាន។
ផ្ទុយទៅវិញ ប្រសិនបើសន្ទស្សន៍ Nikkei 225 ហក់ឡើងថ្លៃខ្ពស់ នោះការណ៍នេះ អាចបង្កើនទំនុកចិត្តរបស់បណ្តាវិនិយោគិន និងអាចនាំឱ្យភាគហ៊ុន នៅក្នុងទីផ្សារផ្សេងទៀតមានការហក់ឡើងថ្លៃផងដែរ។
–អត្ថប្រយោជន៍នៃការជួញដូរលើផ្សារហ៊ុន Nikkei 225
ការជួញដូរលើផ្សារហ៊ុន Nikkei 225 អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ទី១: ផ្សារហ៊ុននេះផ្តល់នូវការឈានជើងចូលទីផ្សារជប៉ុន ដែលជាទ្រព្យសកម្មដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។ ការណ៍នេះ អាចជួយដល់ក្រុមពាណិជ្ជករ និងក្រុមអ្នកវិនិយោគ ក្នុងការធ្វើពិពិធកម្មផលបត្ររបស់ពួកគេ។
ទី២: ផ្សារហ៊ុន Nikkei 225 មានទំនាក់ទំនងខ្ពស់ជាមួយសន្ទស្សន៍ផ្សារហ៊ុនសកលសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យ Nikkei ក្លាយជាឧបករណ៍ ដ៏មានប្រយោជន៍ សម្រាប់យុទ្ធសាស្ត្រម៉ាក្រូសកល។ លើសពីនេះ ផ្សារហ៊ុន Nikkei 225 ផ្តល់នូវឱកាសជួញដូរច្រើន ដោយសារភាពប្រែប្រួល និងកត្តាជាច្រើនដែលអាចជះឥទ្ធិពលលើទិសដៅរបស់ផ្សារហ៊ុននេះ៕ប្រភព: TIOmarkets៕