តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈភាពបរាជ័យរបស់ធនាគារកណ្តាលអាមេរិកក្នុងការទាញទម្លាក់អត្រាអតិផរណាឱ្យត្រឡប់ទៅកាន់គោលដៅ២% រួមជាមួយនឹងការរំពឹងទុកនៃការដាក់ពន្ធខ្ពស់ទៅលើទំនិញនាំចូលពីបរទេសអាចបង្រួមវិសាលភាពនៃការបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៨ភាគរយដល់២៦៣០,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៥ភាគរយដល់២.៦២៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣៥,៥១ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៩,៩០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៨,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,០៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,០៣%ដល់២៩,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៥%ដល់៩៣៣,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៦%ដល់៩៨៥,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here