ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទៅដល់ប្រទេសចិនហើយកាលពីថ្ងៃច័ន្ទ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ សម្តេចបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
នេះជាដំណើរទស្សនកិច្ចផ្លូវការ លើកទីមួយរបស់សម្តេច ក្នុងនាមប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងតបតាមការអញ្ជើញ របស់របស់គណបក្សកុម្មុយនីស្តចិន ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែធ្នូនេះ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោហ៊ុន សែន គ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ហើយក៏នឹងមានជំនួបដោយឡែកពីគ្នាផងដែរ ជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និង លោកចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ។
ក្រសួងការបរទេសបានឲ្យដឹង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានព្រឹទ្ធសភា “នឹងផ្តល់កម្លាំងចលករថ្មី ដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀត នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានយល់ឃើញថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងធ្វើឲ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលមកទល់ពេលនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួចហើយ។
លោកថ្លែងថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីគោលនយោបាយការបរទេស ឥតប្រែប្រួលរបស់កម្ពុជា ចំពោះចិន ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនស្ថិតនៅក្នុងអំណាចនីតិប្រតិបត្តិតទៅទៀតក្ដី ប៉ុន្តែសម្តេចនៅតែជាប្រធានគណបក្សកាន់អំណាច ដែលជាគណបក្សកាច់ចង្កូតកម្ពុជា អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។
លោកបញ្ជាក់ថា “ចិននៅតែជាដៃគូដ៏សំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់កម្ពុជា ទាំងផ្នែកនយោបាយ យុទ្ធសាស្ត្រ និង សេដ្ឋកិច្ច”។ លោកបន្ថែមថា “សម្រាប់ចិន កម្ពុជានៅតែជាប្រទេសគាំទ្រឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ ក៏ដូចជាទៅលើគំនិតផ្ដួចផ្ដើម និងយុទ្ធសាស្ត្រសាកលនានារបស់ចិន”។
លោកបន្តថា “កម្ពុជា និងចិនអាចរួមបញ្ចូលគ្នានូវគោលនយោបាយរៀងៗខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងដើម្បីការអភិវឌ្ឍ”៕