ដោយ: គង់ លាងហួរ
អន្តរជាតិ: Euronext ជាផ្សារហ៊ុនធំជាងគេនៅទ្វីបអឺរ៉ុប និងធំជាងគេមួយនៅក្នុងពិភពលោក។ គិតត្រឹមចុងខែសីហាឆ្នាំ២០២៤ មូលធនប័ត្រទីផ្សារសរុបរបស់បណ្តាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុន Euronext បានកើនដល់ទំហំទឹកប្រាក់ប្រមាណ៦,៣ទ្រីលានអឺរ៉ូ។
ក្នុងនោះ ក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH ជាក្រុមហ៊ុនដ៏ធំបំផុត ដែលជួញដូរនៅលើផ្សារហ៊ុន Euronext ក្រោយពីក្រុមហ៊ុន Royal Dutch Shell B. ត្រូវបានលុបឈ្មោះចេញពីទីផ្សារ Euronext នៅឆ្នាំ២០២២។
ផ្សារហ៊ុនខ្នាតយក្សរបស់ទ្វីបអឺរ៉ុបនេះបានទទួលប្រាក់ចំណេញសុទ្ធ(Net Profit) ចំនួន១៥៩,៥លានអឺរ៉ូនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ តួលេខនេះមានកម្រិតលើសពីការព្យាករណ៍របស់ក្រុមអ្នកវិភាគចំនួន១៤៧,៦លានអឺរ៉ូ។
Euronext រំពឹងថា ប្រាក់ចំណូល និងប្រាក់ចំណេញស្នូលរបស់ខ្លួននឹងកើនឡើងជាមធ្យមជាង៥% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៧ ហើយផ្សារហ៊ុន Euronext គ្រោងជំរុញការចំណាយមូលធនរបស់ខ្លួនដល់អត្រាចាប់ពី៤%ទៅ៦% នៃប្រាក់ចំណូលសរុបក្នុងកំឡុងពេលនោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Euronext ពិបាកក្នុងការទាក់ទាញបណ្តាក្រុមហ៊ុនធំៗឱ្យឈានជើងចូលមកចុះបញ្ជីនៅក្នុងទ្វីបអឺរ៉ុប ដោយសារក្រុមហ៊ុនជាច្រើនព្យាយាមរក្សាឯកជនភាព និងការប្រកួតប្រជែងពីទីផ្សារភាគហ៊ុនអាមេរិក។
តើផ្សារហ៊ុន Euronext ត្រូវបានបង្កើតឡើងនៅឆ្នាំណា?
Euronext ត្រូវបានបង្កើតឡើងដំបូងតាមរយៈការច្របាច់រួមបញ្ចូលគ្នានៃផ្សារហ៊ុន Amsterdam ផ្សារហ៊ុន Paris និងផ្សារហ៊ុន Brussels ក្នុងឆ្នាំ២០០០។
មួយឆ្នាំក្រោយមក Euronext បានទិញយកផ្សារហ៊ុន London International Financial Futures & Options Exchange។ Euronext ត្រូវបានប្តូរឈ្មោះទៅជា Euronext Lisbon ក្នុងឆ្នាំ២០០២ បន្ទាប់ពី Euronext ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយផ្សារហ៊ុនព័រទុយហ្គាល់ Bolsa de Valores de Lisboa e Porto។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ផ្សារហ៊ុន Euronext បានធ្វើសមាហរណកម្មជាមួយនឹងផ្សារហ៊ុនជាច្រើន ជាពិសេសផ្សារហ៊ុនញូវយ៉ក (NYSE) មុនពេល Euronext ត្រូវបានទិញយកដោយផ្សារហ៊ុនអន្តរទ្វីប (ICE)។ នៅឆ្នាំ២០២៤ Euronext ត្រូវបានប្រែក្លាយទៅជាអង្គភាពឯករាជ្យជាថ្មីម្តងទៀត។
ចាប់តាំងពីបានក្លាយជាស្ថាប័នឯករាជ្យ ផ្សារហ៊ុននេះបានពង្រីកវត្តមានរបស់ខ្លួន ដោយច្រចាច់បញ្ចូលផ្សារហ៊ុនអៀរឡង់ និងផ្សារហ៊ុនអុីតាលីដើម្បីបង្កើតផ្សារហ៊ុន Euronext Dublin ក្នុង២០១៨ និងផ្សារហ៊ុន Euronext Milan ក្នុងឆ្នាំ២០២១។
Euronext មានរក្សាទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam ប្រទេសហូឡង់ ព្រមទាំងបើកការិយាល័យសាខាធំៗនៅទីក្រុង Griselda ទីក្រុងឡុងដិ៍ ទីក្រុង Lisbon ទីក្រុង Dublin ទីក្រុង Oslo ទីក្រុង Milan និងទីក្រុង Paris។ គិតត្រឹមឆ្នាំ២០២១ Euronext បានចុះបញ្ជក្រុមហ៊ុនចំនួន១.៩០០ក្រុមហ៊ុន។
តើផ្សារហ៊ុន Euronext មានឥទ្ធិពលទៅលើស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបដែរឬទេ?
តម្លៃមូលធននីយកម្មទីផ្សាររបស់ផ្សារហ៊ុន Euronext មាននិន្នាការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ២០០៧។ យ៉ាងណាមិញ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយផ្សារហ៊ុន Euronext បានដាំក្បាលចុះនៅឆ្នាំ២០០៨ ដោយសារតែវិបត្តិហិរញ្ញវត្ថុ។
ក្នុងពេលជាមួយគ្នានេះ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសបែលហ្ស៊ិកសរុបក្នុងឆ្នាំ២០០៧មានទំហំទឹកប្រាក់ចំនួន២៥៦ពាន់លានដុល្លារ។ ប៉ុន្តែ ទំហំនេះបានដាំក្បាលចុះដល់២១១ពាន់លានដុល្លារក្នុងឆ្នាំ២០០៨។
ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសបារាំងក្នុងឆ្នាំ២០០៧ចំនួន៣,៤២ទ្រីលានដុល្លារបានដាំក្បាលចុះ៣,២៦ទ្រីលានដុល្លារក្នុងឆ្នាំ២០០៨៕ប្រភព: Investopedia៕