តើរដ្ឋាភិបាលចិននឹងបើកភ្លើងខៀវដល់ការជួញដូរលុយគ្រីបតូជាផ្លូវការដូចពាក្យចចាមអារ៉ាមដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លុយគ្រីបតូ (Cryptocurrencies) ឬលុយឌីជីថល បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ និងអ្នកមិនមានទំនុកចិត្តលើលុយប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តួយ៉ាង កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសហាមឃាត់ស្ថាប័នហិរញ្ញវត្ថុនានាមិនឱ្យប្រើប្រាស់គ្រីបតូ ហើយមិនអនុញ្ញាតឱ្យ មានប្រតិបត្តិការណាមួយពាក់ព័ន្ធនឹង Cryptocurrencyឡើយ។

នេះជាការរឹតបន្តឹងនូវវិធានការត្រួតពិនិត្យរបស់រដ្ឋាភិបាលចិន។ កាលពីមុន គេធ្លាប់សង្កេតឃើញមានសញ្ញាវិជ្ជមានមួយចំនួនបង្ហាញថា ធនាគារកណ្តាលចិនអាចមានគោលជំហរវិជ្ជមានទៅលើកាក់ Bitcoin និងគ្រីបតូ។ ប៉ុន្តែ សេចក្តីប្រកាសនេះបានបញ្ជាក់ថា អាជ្ញាធរចិនមិនគាំទ្រគ្រីបតូនោះទេ។

មូលហេតុចម្បងដោយសារតែអាជ្ញាធរចិននៅតែយល់ឃើញថា លុយគ្រីបតូ ជាទ្រព្យដែលគ្មានតម្លៃពិតប្រាកដ។ តម្លៃនៅលើទីផ្សារគ្រីបតូនៅតែត្រូវបានរៀបចំយ៉ាងងាយស្រួល ហើយរាល់ការជួញដូរគ្រីបតូទាំងអស់មិនត្រូវបានការពារដោយច្បាប់របស់ប្រទេសចិនទេ។

ហេតុអ្វីបានជាប្រទេសចិនមិនធ្វើសេរីភាវូបនីយកម្មលើការវិនិយោគរូបិយបណ្ណគ្រីបតូ?

ថ្មីៗនេះ គេសង្កេតមានការផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាច្រើនថា ប្រទេសចិនអាចនឹងធ្វើសេរីភាវូបនីយកម្មលើការជីកយករ៉ែគ្រីបតូយ៉ាងពេញទំហឹង។ ប៉ុន្តែ ក្រុមអ្នកវិភាគវាយតម្លៃថា រឿងនេះប្រហែលជាមិនអាចទៅរួចនោះទេ។

ការជួញដូរ និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូមានមូលដ្ឋានផ្អែកលើបច្ចេកវិទ្យា Blockchain ដែលធ្វើឱ្យការត្រួតពិនិត្យ និងការគ្រប់គ្រងមានការលំបាកខ្លាំង។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងបណ្តាញសុវត្ថិភាពព័ត៌មាន ហើយការហាមឃាត់គ្រីបតូអាចជួយបញ្ចៀសហានិភ័យនានាដូចជា ឧក្រិដ្ឋកម្មតាមអុីនធឺណេត និងការវាយប្រហាររបស់ពួក Hacker។

លើសពីនេះទៀត រដ្ឋាភិបាលចិនក៏មានការព្រួយបារម្ភផងដែរអំពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខ និងអធិបតេយ្យភាពហិរញ្ញវត្ថុជាតិ។ ដូច្នេះ ការហាមប្រាមរូបិយបណ្ណគ្រីបតូក៏អាចត្រូវបានគេមើលឃើញថា ជាវិធានការឆ្ពោះទៅរកការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពបណ្តាញពត៌មាន។

ការជួញដូររូបិយប័ណ្ណគ្រីបតូក៏អាចជះឥទ្ធិពលអវិជ្ជមានដល់គោលនយោបាយរូបិយវត្ថុផងដែរ ព្រោះឯករាជ្យភាពនៃរូបិយបណ្ណគ្រីបតូធ្វើឱ្យធនាគារកណ្តាលចិនមិនអាចគ្រប់គ្រងបាន។

ការណ៍នេះអាចនាំឱ្យគោលនយោបាយរូបិយវត្ថុអស់ប្រសិទ្ធភាព ហើយថែមទាំងជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ ជាពិសេស ប្រទេសចិនមានបំណងថែរក្សាអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួន។

ទោះបីជាមានពាក្យចចាមអារ៉ាមដែលថារដ្ឋាភិបាលចិនអាចបើកភ្លើងខៀវចំពោះការជីកយករ៉ែគ្រីបតូយ៉ាងណាក្តី ប៉ុន្តែ បើតាមទស្សនៈជាក់ស្តែង ការសម្រេចចិត្តនេះសឹងតែមិនអាចសម្រេចបានឡើយ។

រដ្ឋាភិបាលចិនត្រូវស្វែងរកតុល្យភាពរវាងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ការទប់ស្កាត់ការហូរចេញនៃមូលធន និងការលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មហិរញ្ញវត្ថុ។ ក្រុមវិនិយោគិនក៏គួរតែពិចារណាចំពោះពាក្យចចាមអារ៉ាមនេះដោយប្រុងប្រយត្ន័ និងជៀសវាងការដើរតាមនិន្នាការនេះទាំងភាពងងឹតងងល់។

ហេតុផលចម្បង ដែលនាំឱ្យប្រទេសចិនសម្រេចហាមឃាត់លើរូបិយបណ្ណគ្រីបតូ រួមមានការទប់ស្កាត់សកម្មភាពខុសច្បាប់ ការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជារូបិយបណ្ណគ្រីបតូមានភាពច្នៃប្រឌិត និងមានសក្ដានុពលខ្ពស់យ៉ាងណាក្តី ប៉ុន្តែនៅដំណាក់កាលបច្ចុប្បន្ន រដ្ឋាភិបាលចិនជឿជាក់ថា ការហាមឃាត់រូបិយបណ្ណគ្រីបតូមានគោលដៅដើម្បីរក្សាផលប្រយោជន៍ជាតិ និងស្ថិរភាពសង្គម៕ប្រភព: Binance Square៕

LEAVE A REPLY

Please enter your comment!
Please enter your name here