វិភាគៈកម្ពុជាចាប់ផ្តើមរះនៅមជ្ឈឹមបូព៌ា

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia

        អន្តរជាតិៈ ប្រវត្តិសាស្រ្តចាប់ផ្តើមសសេរទំព័រមាសមួយ សម្រាប់ទំនាក់ទំនងមួយ ដែលក្រាលដោយមាស នៅក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានព្រឹទ្ឋសភាកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាឪពុកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

    ក្នុងដំណើរទស្សនកិច្ចរយៈ

ពេលវែងមួយ ដែលផ្តោតលើប្រទេសចំនួន៤ ដ៏មានភោគទ្រព្យ និងស៊ីវិល័យ ច្បាស់ណាស់អ្នកាទូតដ៏ជំនា​ញរូបនេះ នឹងទាញបានមកនូវផលប្រយោជន៍សម្រាប់កម្ពុជា លើផលប្រយោជន៍​សេដ្ឋកិច្ចទេសចរណ៍ ការវិនិយោគ និងពង្រឹងនូវំនាក់ទំនងដ៏ស៊ីជម្រៅ រវាងប្រជាជាតិនៅតំបន់សម្បូរប្រេងទាំងនោះ។

យុទ្ឋសាស្រ្តកាទូតចម្រុះព៌ណ

    ទាំងអ្នកកាទូតបរទេស រួមទាំងកម្ពុជា ពួកគេសុទ្ឋតែមើលឃើញថា កម្ពុជាបានប្រើប្រាស់កាទូតចម្រុះព៌ណ យ៉ាងប៉ិនប្រស​ព្វ ដើម្បីទាញយកផលប្រយោជន៍ យកមកអភិវឌ្ឍន៍ជាតិរបស់ខ្លួន ព្រោះ​កម្ពុជា មិនអាចពឹងតែដង្ហើមប្រទេសមួយណាមួយ ដោយធ្វើពហិកា មិនធ្វើទំនាក់ទំនងជាមួយប្រទេសឬសម្ព័ន្ឋមិត្តដទៃឡើយ។

    ខណៈកម្ពុជាត្រៀមចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចួចនៅឆ្នាំ២០២៩ កម្ពុជាត្រូវពង្រីកសម្ព័ន្ឋមិត្ត ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀត ស្របពេលប្រទេសនេះបាន និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូ​លខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

    នៅក្នុងយុទ្ឋសាស្រ្តកាទូត មានតែមិត្ត និងផលប្រយោជន៍ គ្មានសត្រូវឡើយ។

ដំំណើរទស្សនកិច្ចពោរពេញដោយក្តីសង្ឃឹម និងភាពកក់ក្តៅ

    ជាមួយនឹងស្នាមញញឹម លើកដៃបក់រវិកៗមកកាន់ក្រុមមន្រ្តីជាន់ខ្ពស់ជូនដំណើរ សម្តេចតេជោហ៊ុន សែន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម សរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត។

នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេរភាគីជាមួយបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។

បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយលោកសេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា។

នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេរភាគី ជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្រ របស់តួកគីយេផងដែរ។

នៅអេមីរ៉ាតអារ៉ាប់រួម សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក សាឃើរ ហ្គោបាហ្ស ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្តែងការគួរសម ជាមួយព្រះអង្គម្ចាស់ សេក្ខ មហាម៉េដ ពិន ហ្សេយឺត អាល ណាហ៊ីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភាដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីរ របស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

សហព័ន្ធនៃទីក្រុងធំៗចំនួន៧ របស់អេមីរ៉ាតអារ៉ាប់រួម(UAE) កំពុ​ងលេចត្រដែតឡើង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់តំបន់មជ្ឈិមបូព៌ា។ ទោះបីជាប្រពៃណីអភិរក្សនិយម ត្រូវបានរដ្ឋាភិបាល ប្រកាន់ខ្ជាប់ក្តី ក៏ UAE ត្រូវបានគេមើលឃើញថា ជាប្រទេសសេរីនិយមបំផុត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសារការលើកលែងមួយចំនួនផ្នែកវប្បធម៌ និងជំនឿផ្សេងៗទៀត។

មុនពេលប្រេង ត្រូវបានរកឃើញក្នុងឆ្នាំ១៩៥០ សេដ្ឋកិច្ចUAE គឺពឹងផ្អែកលើការនេសាទ និងឧស្សាហកម្មគុជខ្យង។ ប៉ុន្តែចាប់តាំងពីការនាំចេញប្រេង ផ្តើមឡើងនៅឆ្នាំ១៩៦២ សង្គម និងសេដ្ឋកិច្ច UAE បានផ្លាស់ប្តូរទៅរកបរិបទថ្មីមួយទៀត។ UAE បានធ្វើពិពិធកម្ម និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ក្នុងតំបន់។ មានក្រុមហ៊ុន UAE យ៉ាងច្រើន កំពុងធ្វើការវិនិយោគនៅឯបរទេស។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាប៊ូដាប៊ី)។

ព្រះអាទិត្យថ្មីរះនៅតំបន់មជ្ឈឹមបូព៌ា

    បើទោះបីជាទំហំពាណិជ្ជកម្ម និងកាវិនិយោគពីបណ្តាប្រទេសទាំងបួនមិនទាន់មានទំហំធំក្តី ប៉ុន្តែកម្ពុជា និងបណ្តាប្រទេសទាំងនោះ បាននិងកំពុងកសាងប្រវត្តិសាស្រ្តថ្មី សម្រាប់ទំាក់ទំនងមួយ ដែលមានភាពប្រសើរជាងមុន ខណៈកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត និងកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយ ជាមួយនឹងលទ្ឋផលនៃលំហូរពាណិជ្ជកម្ម នឹងកាន់តែមានសភាពប្រសើរឡើង។

    ជាមួយនឹងសក្តានុពលវិស័យទេសចរណ៍ កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរណ៍ពីបណ្តាប្រទេសទាំងនោះ ប៉ុន្តែកម្ពុជាក៏មានឧបសគ្គមួយ ត្បិតប្រទេសទាំងនោះនិងកម្ពុជា មានវប្បធ៌ម សាសនា ប្រពៃណី វប្បធ៌ម និងអាហារខុសគ្នា ដែលជាបញ្ហាមួយទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហារវាងតម្រូវការ និងការផ្គត់ផ្គង់។

    កម្ពុជាបាននិងកំពុងទទួលជើងហោះហើរ ត្រង់ពីក្រុមហ៊ុនAir Amirates, Quatta Airlineផងដែរ ប៉ុន្តែល្បឿននៃលំហូរទេសចរណ៍នៅមានកម្រិត ដោយសារឧបសគ្គដែលបានលើកឡើងខាងលើ។

    ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភាកម្ពុជា នឹងជាស្ពានដ៏សំខាន់មួយ ដើម្បីតភ្ជាប់និងពង្រឹង    ពង្រី​កទំនាក់ទំនងរវាងកម្ពុជា និងបណ្តាប្រទេសទាំងនោះឲ្យកាន់តែប្រសើរឡើងលើលំហូរពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធ៌មគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងប្រជាជាតិតំបន់UAE កាន់តែរីកស្រស់បំព្រងឡើង។

    ការចាប់ផ្តើមឈានជើង ឆ្ពោះទៅកាន់ភាពសុខដុម និងវិបុលភាពសម្រាប់ប្រជាជាតិមួយ ផ្តើមចេញពីជំហ៊ានដំបូង ដើម្បីបោះជំហ៊ានថ្មីជាបន្តបន្ទាប់ជាមួយនឹងផែនការ គោលនយោបាយ និងយុទ្ឋសាស្រ្តដ៏ច្បាស់លាស់របស់មេដឹកនាំនៃប្រជាជាតិនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here