ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាបានបន្តធ្លាក់ចុះយ៉ាងសន្សឹមៗ ដោយទុកឱកាសឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ជាថ្មីម្តងទៀត។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់២៦៤២,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២៦៦៤,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣២,៩២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៩,៦០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,១០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,០៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៩%ដល់៣១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៩%ដល់៩៣៧,៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦៦%ដល់៩៧២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕