ដោយ: គង់ លាងហួរ
អន្តរជាតិ: ការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទីពីររបស់លោកដូណាល់ត្រាំបានបង្កឱ្យមានការជជែកគ្នាក្នុងចំណោមបណ្តាអ្នកវិនិយោគអំពីឥទ្ធិពលដែលអាចកើតមានលើទិដ្ឋភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាស៊ាន រួមទាំងកម្ពុជា។
សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ ត្រូវបានក្រុមអ្នកវិភាគព្យាករណ៍ថា នឹងធ្វើឱ្យមានការកើនឡើងនូវលទ្ធិគាំពារនិយម និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម។

-->
តួយ៉ាង នាពេលថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE បាមចេញផ្សាយរបាយការណ៍វិភាគថ្មីមួយ ដែលបង្ហាញពីហានិភ័យ និងឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងបរិបទមួយដែលបរិយាកាសពិភពលោកកំពុងផ្លាស់ប្តូរ។
ការវិភាគរបស់ក្រុមហ៊ុន CBRE បង្ហាញថា ការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចរារាំងអ្នកវិនិយោគបរទេស ដែលនាំទៅដល់ការកាត់បន្ថយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់កម្ពុជា។

និន្នាការនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មស្នូលដូចជា ផលិតកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ដើម្បីទប់ទល់នឹងហានិភ័យទាំងនេះ CBRE បានជំរុញឱ្យកម្ពុជាផ្តោតលើសារៈសំខាន់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច។
របាយការណ៍លើកឡើងថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយទីផ្សារក្នុងតំបន់អាស៊ាន ចិន និងអឺរ៉ុប ជាយុទ្ធសាស្ត្រដើម្បីកាត់បន្ថយការពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ CBRE ចង្អុលបង្ហាញថា កម្ពុជាបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវភាពជាដៃគូពាណិជ្ជកម្មថ្មី ដែលអាចជួយកាត់បន្ថយផលប៉ះពាល់ពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក។

ចំណែក វិស័យអចលនទ្រព្យក៏ត្រូវបានគូសរំលេចនៅក្នុងរបាយការណ៍ខាងលើផងដែរ។ CBRE អះអាងថា វិស័យអចលនទ្រព្យកម្ពុជាអាចប្រឈមមុខនឹងកំណើនយឺត ប្រសិនបើលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះ។
ការវិភាគបង្ហាញថា បណ្តាវិនិយោគិនអន្តរជាតិអាចប្រកាន់យកវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសក្រុមអ្នកវិនិយោគពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដោយសារតែហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង។

CBRE បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាផ្តោតលើការជំរុញតម្រូវការក្នុងស្រុក និងធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ ដោយផ្តោតលើផ្នែក ដែលមានសក្តានុពលដូចជា ការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យជាដើម។ វិធីសាស្រ្តនេះអាចជួយទប់ទល់នឹងការប្រែប្រួលនៃការវិនិយោគពីបរទេស ដើម្បីគាំទ្រដល់ស្ថិរភាពក្នុងវិស័យអចលនទ្រព្យ៕ប្រភព: CBRE៕