ដោយ ៖ រ៉ាវី
ភ្នំពេញ ៖ បទយកការណ៏៖ «អតីតកាលកំសត់ បច្ចុប្បន្នអត់ធ្មត់ អនាគតរុងរឿង»………គឺជាសុភាសិតបុរាណខ្មែរបានលើកឡើងចង់ឲ្យមនុស្សចេះតស៊ូ កុំចុះចាញ់នឹងព្រហ្មលិខិត គង់ថ្ងៃណាមួយបានជោគជ័យមិនខាន។ តួយ៉ាងដូចជាលោកឧកញ៉ា ចេង ខេង ធ្លាប់ជួបភាពបរាជ័យលើមុខជំនួញរហូតសល់ប្រាក់ត្រឹមតែ១០ដុល្លារក្នុងហោប៉ៅ ដៃគូភាគហ៊ុនបរទេសក៏រត់ចោល ប៉ុន្តែដោយសារការតស៊ូមិនបោះបង់គោលដៅ បានធ្វើឲ្យលោកអភិវឌ្ឍន៍ក្រុមហ៊ុនដែលធ្លាប់ជួបហានិភ័យ រហូតមានប្រាក់វាល់លានដុល្លារ និងក្លាយជាឧកញ៉ាមានទ្រព្យស្តុក។
នៅពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកព័ត៌មាននៅនឹងការិយាល័យនៃក្រុមហ៊ុនអចលនទ្រព្យ CPL លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ១៩៩៧ លោកបានជួបវិនិយោគិនសញ្ជាតិអាមេរិកម្នាក់ ដែលជាអ្នកជំនួញដ៏មានសក្តានុពលមួយវិនិយោគផ្នែកអចលនទ្រព្យ ដែលមានសាខានៅប្រទេសថៃ ហុងកុង និងហ្វីលីពីន ហើយក៏ជាអ្នកចាប់អារម្មណ៍ដំបូងបង្អស់មកលើរូបលោកក្នុងការសហការវិនិយោគលើវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ក្រោយមកក៏មានការព្រមព្រៀងគ្នា ដោយលោកត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុនអចនទ្រព្យ (ស៊ីភីអិល ខេមបូឌា) តាំងពីពេលនោះ ដោយបានបោះទុនរួមគ្នាដំបូងចំនួន៣ម៉ឺនដុល្លារ។
-->

ក្រោយពីបានបោះទុនរួច នៅក្នុងឆ្នាំ១៩៩៧នោះ វិស័យអចលនទ្រព្យពុំមានសន្ទុះកើនឡើងទេនៅកម្ពុជា ធ្វើឲ្យក្រុមហ៊ុនដែលទើបបង្កើតថ្មីជាមួយជនជាតិអាមេរិកកាំងរូបនេះ ត្រូវបានខាតបង់ជារឿយដល់ទៅរាប់ម៉ឺនដុល្លារ គឺមិនតិចជាង៧ម៉ឺនដុល្លារនោះទេ ក្នុងអំឡុងឆ្នាំនោះ។ ករណីនេះលោកត្រូវបានបាត់បង់ទំនុកចិត្ត ពីដៃគូវិនិយោគជាច្រើន ហើយក៏មានការថ្នាំងថ្នាក់ខ្លះៗជាមួយក្រុមគ្រួសារផងដែរ រហូតដល់ជនជាតិអាមេរិកកាំងនោះ ចាកចេញពីក្រុមហ៊ុន ដោយមិនបានប្រាប់មួយម៉ាត់ ធ្វើឲ្យលោកក្លាយជាមនុស្សឯការបំផុត ហើយជនជាតិអាមេរិកនោះបានត្រឹមផ្ញើសារអេឡិចត្រូនិក អោយលោកប្រឹងប្រែងតស៊ូបន្តទៀត ហើយប្រាក់ថាបើសិនជាលោកបានជោគជ័យមែននោះ លោកនឹងក្លាយជាមនុស្សពូកែ ស្ទើររកដៃគូប្រកួតប្រជែងមិនបាន ប្រសិនបើអាចស្រោចស្រង់ក្រុមហ៊ុននេះឲ្យឈរងើបឡើងវិញបាន សារអេឡិកត្រូនិកនោះសរសេរថា «ពេលនេះទូកកំពង់លង់នៅកណ្តាលមហាសាគរ គ្មានកោះគ្មានត្រើយ បើសិនជាលោកអាចស្រង់ទូកនោះវិញបាន អ្នកនឹងក្លាយទៅជាមនុស្សដ៏ពូកែអស្ចារ្យ»។
ក្រោយពីទទួលបានសានេះ ភាពអស់សង្ឃឹមក៏បានធ្លាក់មកលើអារម្មណ៏កាន់តែខ្លាំង ធ្វើឲ្យ លោករស់នៅឯការស្ទើរគ្មានអ្នករាប់រក ប្រៀបដូចជាទូកកំពង់លង់ នៅកណ្តាលសមុទ្រនោះមែន ប៉ុន្តែទោះជាមានរឿងកើតឡើងចំពោះខ្លួនដូច្នេះក្តី លោកនៅតែតាំងចិត្តថា ត្រូវដើរទៅមុខឲ្យដល់គោលដៅជានិច្ច ធ្វើយ៉ាងណានឹងស្រោចស្រង់ក្រុមហ៊ុន ឲ្យងើបឈរឡើងវិញបាន ។

យ៉ាងណានោះនៅថ្ងៃមួយខណៈពេលដែលលោក ពិបាកចិត្តក៏ស្រាប់តែមានគ្រូទាយ ជនជាតិឥណ្ឌាម្នាក់ បានទៅដល់ការិយាល័យធ្វើការរបស់លោក ហើយថាលោកគឺជាមនុស្សដែលមានសំណាង មានលុយកាន់ក្នុងដៃច្រើនសឹងចាយមិនអស់ មានឡានទំនើបជិះនៅត្រឹមរយៈ៣ទៅ៤ខែខាងមុខ។ ពាក្យគ្រូទាយនេះបានធ្វើឲ្យលោករឹតតែខកចិត្តខ្លាំង ដោយហេតុថាក្រុមហ៊ុនកំពុងក្ស័យធន មិនមានទុនបម្រុងសូម្បីតែមួយកាក់មួយសេន ចំណែកលុយនៅសល់ក្នុងហោប៉ៅមានតែ១០ដុល្លារគត់ ចំណែកឡានកញ្ចាស់មួយដែលកំពុងប្រើប្រាស់ ពេលនោះស្ទើតែប្រើប្រាស់លែងកើតទៀតផង តើឲ្យសង្ឃឹមអ្វីទៀតទៅលើពាក្យគ្រូទាយ ថាមានលុយចាយមិនអស់នោះ។
យ៉ាងណាក៏ដោយពាក្យថាអាគមន៍ផ្សំអាយុស គឺពិតជាដូចគ្រូទាយឥណ្ឌា ទស្សទាយជើងលេខមើលឃើញជោគវាសនារបស់លោកមែន ស្រាប់តែ៣ខែកន្លងផុតទៅ លោកបានជួបវិនិយោគិនបរទេសមួយទៀត ដែលមានទំនុកចិត្តលើរូបលោក ហើយបានបោះទុនវិនិយោគមក លើក្រុមហ៊ុនស៊ីភីអិលចំនួន៥ម៉ឺនដុល្លារ សម្រាប់ជាទឹកមន្តប្រោស អាចឲ្យលោកមានក្តីសង្ឃឹមឡើងវិញជាថ្មី ដើម្បីបន្តអាជីពលើការដឹកនាំការងារខាងផ្នែកអចលទ្រព្យ នៅកម្ពុជាបន្តទៀត ដោយសារពេលនោះវិស័យអចលនទ្រព្យ ចាប់ផ្តើមងើបឡើងវិញ លោកក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ ក្លាយជាក្រុមហ៊ុនផ្តល់សេវាអចលទ្រព្យ ដ៏មានសក្តានុពលមួយក្នុងចំណោមក្រុមហ៊ុនចំនួន៩០ ដែលកំពុងវិនិយោគវិស័យនេះមកទល់បច្ចុប្បន្ន។

និយាយពីការងារវិញបច្ចុប្បន្នលោក គឺជាប្រធានក្រុមហ៊ុនប្រធានក្រុមហ៊ុនស៊ីភីអិល ខេមបូឌា ប្រភើធី លីមីតធីត ដែលជាភ្នាក់ងារផ្តល់សេវាកម្មទិញលក់ និងវាយតម្លៃខាងផ្នែកអចលទ្រព្យ ដូចជាទិញលក់អាគារ ដីធ្លី ផ្ទះល្វែង ខុនដូរ លំដាប់ VIP មួយនៅក្នុងប្រទេសកម្ពុជា ដែលមកទល់ពេលនេះ មានក្រុមហ៊ុននិងបុគ្គលឯកជន មិនតិចជាង៥០០០ទេ ដែលទទួលយកសេវាពីក្រុមហ៊ុនខាងលើ ប្រកបដោយទុកចិត្តនិងមានភាពកក់ក្តៅបំផុត។ ហើយសេវាកម្មនេះបានផ្តល់ការងារដល់ប្រជាជនខ្មែរ ប្រមាណជាជិត១០០នាក់ ហើយថាគ្រោងនឹងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរឲ្យបានរហូតដល់ ៥០០០នាក់ នៅត្រឹមដំណាច់ឆ្នាំ ២០២០ ខាងមុខ។ បុគ្គលិកដែលធ្វើការផ្នែកនេះ មិនចាំបាច់មានសញ្ញាបត្រផ្នែកអចលនទ្រព្យនោះទេ សំខាន់ឲ្យតែមានសញ្ញាបត្រប្រហាក់ប្រហែល មានការអត់ធ្មត់ខ្ពស់ ស្មោះត្រង់ និងចង់បានការរីកចម្រើនទាំងខ្លួនឯង និងក្រុមហ៊ុនប្រកបដោយការស្មោះស្ម័គ្រនោះ គឺគ្រប់គ្រាន់តាមតម្រូវការខាងផ្នែកសេវាកម្មអចលទ្រព្យអ៊ីភីអិលនេះហើយ ៕
