ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនអះអាងថា ប្រទេសចិនគ្រោងនឹងអនុវត្តន៍គោលនយោបាយរូបិយវត្ថុធូររលុងនៅឆ្នាំក្រោយ រួមជាមួយនឹងគោលនយោបាយសារពើពន្ធសកម្មបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ ដោយដកស្រង់លទ្ធផលចេញពីកិច្ចប្រជុំរបស់មន្ត្រីបក្សកុម្មុយនិស្តចិនថា ប្រទេសចិននឹងផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងការបង្កើនការប្រើប្រាស់។

-->
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានអះអាងថា នៅឆ្នាំ២០២៥ អាជ្ញាធរត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបន្តសម្រេចបានវឌ្ឍនភាព និងការរក្សាបាននូវស្ថិរភាព។ ការិយាល័យនយោបាយបានគូសបញ្ជាក់បន្ថែមថា ទីផ្សារលំនៅដ្ឋាន និងទីផ្សារភាគហ៊ុនត្រូវតែមានស្ថិរភាព។
លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តចិនជាន់ខ្ពស់របស់ធនាគារ ANZ បានអះអាងថា “យើងគិតថា ការប្រកាសនេះចង្អុលបង្ហាញពីការជំរុញវិធានការសារពើពន្ធដ៏រឹងមាំ ការកាត់បន្ថយអត្រាការប្រាក់ទ្រង់ទ្រាយធំ និងការទិញទ្រព្យសកម្មនៅឆ្នាំ២០២៥”។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបប្រទះការលំបាកនៅឆ្នាំនេះ ដោយជំរុញឱ្យក្រុមមន្ត្រីបង្កើតគោលនយោបាយចិនចាត់វិធានការយ៉ាងច្រើននៅក្នុងខែកញ្ញា។
ក្នុងនោះ ធនាគារកណ្តាលចិនបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីជំងឺរាតត្បាត ដោយកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលទឹកប្រាក់១ទ្រីលានយ័នទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងវិធានការជាច្រើនផ្សេងទៀត។

ប្រទេសចិនត្រូវបានព្យាករណ៍ថា អាចសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៥% នៅឆ្នាំនេះ។ ប៉ុន្តែការព្យាយាមរក្សាបាននូវល្បឿនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥អាចជួបការលំបាក ស្របពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នឹងត្រលប់មកកាន់សេតវិមានវិញ ដោយលោកបានគំរាមយកពន្ធចំនួន៦០% ឬច្រើនជាងនេះទៅលើការនាំចូលទំំនិញរបស់ចិន។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនបានបង្ហាញកញ្ចប់បំណុលចំនួន១០ទ្រីលានយ័ន ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញប្បទានរបស់រដ្ឋបាលក្នុងតំបន់ និងស្តារស្ថិរភាពកំណើនសេដ្ឋកិច្ច៕ប្រភព: CNN៕