ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលក្រុមវិនិយោគិនរំពឹងថា នឹងមានការកាត់បន្ថយគោលនយោបាយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Federal Reserve) នៅក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២១ភាគរយដល់២៦៥៤,០៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយដល់២៦៧១,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

-->
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៨,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៧៥,៨០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៨៩ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៧ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៤%ដល់៣១,០១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១១%ដល់៩២៣,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៨%ដល់៩៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕
