ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា”ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា”។
-->
ឆ្លើយតបនឹងព័ត៌មានបំពុល បង្កើតឱ្យមានការភ័ន្តច្រឡំនោះ លោក វ៉ាង វិនពីន បានបង្ហោះសំណរបញ្ជាក់ថា “ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ”។ លោកបញ្ជាក់ទៀតថា “ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ”។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៧៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចិនបានផ្តល់កម្ចីដល់កម្ពុជាច្រើនជាងគេប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹង៣៤%នៃបំណុលសរុប។
គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុប ប្រមាណ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបប្រមាណជាង១៤ពាន់ម៉ែត្រ។
ឆ្លើយតបនឹងបញ្ហានេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនរបស់បក្ស ត្រូវតាមដាន និងវាយតម្លៃឱ្យបានជាប់លាប់លើមតិរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា របស់បក្សទាំងលើបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់។
បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងចំពោះសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈចលនាមហាជន របស់បក្សជំរុញសកម្មភាពបណ្តុះស្មារតី សាមគ្គីភាពសង្គម និង យុទ្ធនាការបណ្តុះគំនិត វិជ្ជមានដល់ប្រជាជន ដើម្បីបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈចលនាមហាជនរបស់បក្ស ពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែបឌីជីថល ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។
សម្តេចតេជោប្រមុខបក្សកាន់អំណាច ក៏បានជំរុញឱ្យយកចិត្តទុកដាក់ គ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត និងខ្វះសីលធម៌។
សម្តេចតេជោ បានណែនាំឱ្យចាត់វិធានការជា”បន្ទាន់” ចំពោះការផ្សព្វផ្សាយបំភ្លៃ និងខ្វះសីលធម៌ទាំងឡាយ៕