ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានផ្អាកការជួញដូរនៅថ្ងៃពុធនេះ ដោយសារតែឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលនៅថ្ងៃទី២៥ ខែធ្នូនេះ។ តួយ៉ាង តម្លៃមាស Spot Gold បានផ្អាកការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦១៣,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏បានផ្អាកការជួញដូរផងដែរ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦៣៥,៥០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។