តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ខណៈក្រុមអ្នកវិនិយោគកំពុងស្វែងរកភាពច្បាស់លាស់បន្ថែមទៀតលើគន្លងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៧ភាគរយដល់២៦៣៣,៥៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២ភាគរយដល់២៦៤៦,២០ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៨,៣៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,៤៩ពិន្ទុកាលពីថ្ងៃអង្គារ មុនពេលផ្អាកការជួញដូរនៅថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៤៥ភាគរយដល់២៩,៦៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦៦ភាគរយដល់៩១៦,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩ភាគរយដល់៩១៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here