ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងអាចពន្យឺតល្បឿននៃការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន បន្ទាប់ពីទិន្នន័យនានាបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅតែមានស្ថិរភាព។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១១ភាគរយដល់២៦៤៦,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៦ភាគរយដល់២៦៦១,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។