ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិកអាចប្រកាន់គោលជំហរប្រកបដោយការប្រុងប្រយ័ត្នចំពោះការកំណត់ដាក់ចេញនូវទិសដៅអត្រាការប្រាក់របស់ខ្លួននៅឆ្នាំ២០២៥នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៦៦១ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងនេះក្តី តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២២ភាគរយដល់២៦៧៨,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។