ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេមួយបានព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនៅក្នុងប្រទេសថៃនឹងកើនឡើង១,១លានម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលអាចនាំទៅដល់ការផ្គត់ផ្គង់លើសតម្រូវការ។
ក្រុមហ៊ុន Colliers Thailand បានព្រមាននៅក្នុងរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៤ ថា ការផ្គត់ផ្គង់ការិយាល័យមានការកើនឡើង ស្របពេលដែលតម្រូវការមានការធ្លាក់ចុះ។
ក្រុមហ៊ុនបានរាយការណ៍ថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ ទីផ្សាររបស់ការិយាល័យនៅប្រទេសថៃមានទំហំផ្ទៃក្រឡាសរុបចំនួន១០,២៦លានម៉ែត្រការ៉េ កើនឡើង៣,៧៩ភាគរយបើធៀបនឹងឆ្នាំ២០២៣។
-->

ប៉ុន្តែ អត្រាគ្របដណ្តប់ការជួលបានធ្លាក់ចុះមកនៅត្រឹមចំនួន៨៦,៨៦ភាគរយ។ ក្រុមហ៊ុន Colliers Thailand បានព្រមានថា ប្រសិនបើតម្រូវការមិនកើនឡើងទេ នោះអ្នកអភិវឌ្ឍន៍អាចបន្តទទួលរងសម្ពាធកាន់តែច្រើន។
ក្រុមហ៊ុន Colliers Thailand បានបន្តថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្ថាប័នហិរញ្ញវត្ថុ និងទីតាំងធ្វើការរួមគ្នាអាចស្ថិតក្នុងចំណោមអាជីវកម្ម ដែលអាចនាំឱ្យមានការកើនឡើងនូវតម្រូវការការិយាល័យ។
យ៉ាងណាមិញ ក្រុមហ៊ុននេះបានព្រមានថា អ្នកអភិវឌ្ឍន៍ប្រហែលជាមិនអាចប្រកួតប្រជែងគ្នា តាមរយៈការកាត់បន្ថយតម្លៃជួលបានទៀតទេ ដោយសារតែអគារការិយាល័យភាគច្រើនមានតម្លៃជួលទាបរួចស្រាប់ទៅហើយ៕ប្រភព: The Nation ៕
