ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងទាក់ទាញក្រុមវិនិយោគិនបរទេស ដែលកំពុងស្វែងរកទិញអចលនទ្រព្យក្រោមកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ធំ។
នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អ្នកឆ្លើយសំណួរចំនួន៥៣% បានអះអាងថា ពួកគេមានបំណងទិញអចលនទ្រព្យបែបពាណិជ្ជកម្មបន្ថែមទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥នេះ កើនឡើងពីចំនួន៤៩% កាលពីឆ្នាំមុន និងចំនួន៤១% នៅឆ្នាំ២០២៣។
ទំនុកចិត្តជារួមលើការវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពប្រសើរឡើង ខណៈគោលបំណងនៃការទិញ(Net buying intention) ត្រូវបានរំពឹងថា នឹងកើនឡើងពី៥%ក្នុងឆ្នាំ២០២៤ ដល់ចំនួន១៣%នៅឆ្នាំ២០២៥។ កត្តាសំខាន់ៗ ដែលជំរុញការកើនឡើងនេះរួមមានការធ្លាក់ចុះនៃអត្រាការប្រាក់លើបំណុល និងការកំណត់តម្លៃអចលនទ្រព្យឡើងវិញ។
-->

ការស្ទង់មតិលើគោលបំណងរបស់បណ្តាអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២៥ បង្ហាញថា ទីក្រុងតូក្យូជាគោលដៅអាទិភាពកំពូលសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។
ទីក្រុងស៊ីដនី និងសិង្ហបុរី ជាគោលដៅវិនិយោគកំពូល បន្ទាប់ពីទីក្រុងតូក្យូ។ វិនិយោគិនសម្លឹងឃើញឱកាសនៅទីក្រុងស៊ីដនី ដោយសារតែផលចំណេញត្រឡប់មកវិញខ្ពស់ដែលពួកគេអាចទទួលបាន ខណៈសិង្ហបុរីផ្តល់នូវទីផ្សារដែលមានស្ថិរភាព និងអាចទុកចិត្តបាន។

ជាមួយគ្នានេះ ឥណ្ឌា ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកក៏កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីបណ្តាវិនិយោគិន ដែលស្វែងរកឱកាសពង្រីកផលបត្រអចលនទ្រព្យ ដោយទីក្រុងបុមបៃ និងទីក្រុងញូវដេលីជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារគោលដៅកំពូលទាំង២០នៅក្នុងតំបន់។
លោក Greg Hyland ប្រធានផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា “ទោះបីជាការរំពឹងទុកចំពោះផែនការកាត់បន្ថយអត្រាការប្រាក់ទ្រង់ទ្រាយធំរបស់ធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះបានស្ងប់ស្ងាត់ទៅវិញយ៉ាងណាក្តី ក៏យើងនៅតែរំពឹងថា សកម្មភាពវិនិយោគអចលនទ្រព្យក្នុងតំបន់នឹងកើនឡើងនៅឆ្នាំ២០២៥នេះ”៕ប្រភព: Nikkei Asia៕
