ទីផ្សារអចលនទ្រព្យអាស៊ានបង្ហាញឱកាសប្រកបដោយសក្តានុពលធំៗចំនួន៣ សម្រាប់អ្នកវិនិយោគ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលតំបន់អាស៊ានឈានចូលយុគសម័យថ្មីនៃការធ្វើនគរូបនីយកម្មទីក្រុង ទីផ្សារអចលនទ្រព្យអាស៊ានកំពុងបង្ហាញឱកាសវិនិយោគសំខាន់ៗ។ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ អគារបៃតង និងគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ កំពុងរីកលូតលាស់នៅតំបន់អាស៊ាន។

រាប់ចាប់ពីការរីកចម្រើននៃតំបន់ឧស្សាហកម្មនៅប្រទេសវៀតណាម រហូតដល់ការវិនិយោគខុនដូដែលផ្តល់ផលចំណេញខ្ពស់នៅកម្ពុជា និងមជ្ឈមណ្ឌលទិន្នន័យនៅប្រទេសម៉ាឡេស៊ី បណ្តាអ្នកវិនិយោគ និងបណ្តាអ្នកអភិវឌ្ឍន៍កំពុងងាកទៅចាប់យកឱកាសនេះ។

ខាងក្រោមនេះជាឱកាសវិនិយោគសំខាន់ៗចំនួន៣ នៅក្នុងទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ាននាពេលបច្ចុប្បន្ន :

ទី១: ការអភិវឌ្ឍន៍អគារបៃតង ឆ្លាតវៃ និងអគារប្រើប្រាស់ចម្រុះ

ការរចនាអគារការិយាល័យ និងលំនៅដ្ឋានប្រកបដោយនិរន្តរភាពបានក្លាយជាការចាំបាច់។ ប្រព័ន្ធសន្សំសំចៃថាមពល និងការប្រើប្រាស់សម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ជានិន្នាការ ដែលអាចទាក់ទាញបណ្តាអ្នកវិនិយោគចូលមកកាន់ទីផ្សារអាស៊ាន។

ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដូចជារដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទំនើបនៅប្រទេសសិង្ហបុរីកំពុងជំរុញឱ្យមានតម្រូវការលំនៅដ្ឋានបែបទំនើប ដោយបំពាក់នូវបច្ចេកវិទ្យា ។

ជាមួយគ្នានេះ ការអភិវឌ្ឍន៍អគារអចលនទ្រព្យប្រើប្រាស់ចម្រុះ ដោយរួមបញ្ចូលគ្នានូវលំនៅដ្ឋាន ហាងលក់រាយ និងមជ្ឈមណ្ឌលកម្សាន្តកំពុងទទួលបានតម្រូវការកាន់ខ្ពស់ ដូចជា អគារ Tun Razak Exchange របស់ម៉ាឡេស៊ី។

ទី២: លំនៅដ្ឋានដែលមានតម្លៃសមរម្យ

រដ្ឋាភិបាលរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងបណ្តាអ្នកអភិវឌ្ឍន៍កំពុងសហការគ្នាលើដំណោះស្រាយលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានក្នុងទីក្រុង។

ទី៣: អចលនទ្រព្យផ្នែកឧស្សាហកម្ម ភស្តុភារ និងមជ្ឈមណ្ឌលទិន្នន័យ

ការកើនឡើងនៃចំនួនសួនឧស្សាហកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់អាស៊ាន បានជួយជំរុញឱ្យទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់មួយនេះមានភាពទាក់ទាញ ដោយសារស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុងតំបន់អាស៊ាន៕ប្រភព: LinkedIn & RH1 & Statista៕

LEAVE A REPLY

Please enter your comment!
Please enter your name here