នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។