ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ទន់គោលជំហរចំពោះការយកពន្ធលើទំនិញរបស់ប្រទេសចិន។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៧ភាគរយដល់ជាង២.៧៧២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥២ភាគរយដល់២៧៧៩,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៥,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។