ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈក្រុមវិនិយោគិនងាកទៅផ្តោតលើកិច្ចប្រជុំលើកដំបូងរបស់ធនាគារកណ្តាលអាមេរិកក្នុងឆ្នាំ២០២៥ ដើម្បីស្ទាបស្ទង់អំពីគោលជំហរអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤ភាគរយមកនៅត្រឹមជាង២.៧៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៤ភាគរយដល់២៧៦៦,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។