ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យនានាបានលើកឡើងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុមានសញ្ញាល្អប្រសើរ ស្របពេលអ្នកវិនិយោគបានផ្តល់លក្ខខ័ណ្ឌនៃការទិញលក់ល្អប្រសើរ ដើម្បីលើកទឹកចិត្តអតិថិជន។
លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Hutton CPLបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ធ្នូនេះថា ទីផ្សារខុនដូមានតម្រូវការល្អប្រសើរ ព្រោះខេត្តព្រះសីហនុ ជាទីតាំងមានសក្តានុពលសម្រាប់វិនិយោគ ស្របពេលអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិនចូលទៅកាន់តែច្រើន ហើយអ្វីកាន់ពិសេសលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល។
-->
លោកបន្តថា “ស្របពេលដែលតម្លៃស្នាក់នៅតាមសណ្ឋាគារឡើងថ្លៃ បន្ទប់សណ្ឋាគារកំពុងខ្វះខាត ការវិនិយោគខុនដូសម្រាប់ជួលពិតជាល្អប្រសើរ ដោយអ្នកទិញ អាចជួលត្រលប់បានទទួល៨ភាគរយនៃទុនវិនិយោគរបស់ពួកគេ។
លោកឧកញ៉ាចេង ខេងបានបន្តថា អតិថិជនជាវខុនដូនេះ នឹងទទួលបានការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយឈុត ហើយលំនៅដ្ឋានរបស់ពួកគេប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា Smart Home ដែលអាចបញ្ជាបិទបើកប្រព័ន្ឋអគ្គិសនី ដោយប្រើប្រាស់ត្រឹមទូរស័ព្ទដៃ និងការបញ្ជាពីចម្ងាយ។
បច្ចុប្បន្ននៅខេត្តព្រះសីហនុមានគំរោងខុនដូជាច្រើនកំពុងសាងសង់ដូចជាគំរោង Blue Bay, Sunshine Bay, DSeaview, Royal Bay,និងគំរោងOcean city Condominium ជាដើម។
អ្នកនាង អាន សុធីនា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុ ដែលរំពឹងដាក់ចូលទីផ្សារឆ្នាំនេះ មានប្រមាណ៨០០យូនីត ខណៈគំរោងភាគច្រើនកំពុងសាងសង់ និងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។អ្នកនាងបន្តថា ចំនួនខុនដូនៅខេត្តព្រះសីហនុនៅមានកម្រិតនៅឡើយ ខណៈអ្នកវិនិយោគជាច្រើនកំពុងឆ្ពោះទៅកាន់ខេត្តនេះ ដែលធ្វើឲ្យមានតម្រូវការលំនៅដ្ឋានកើនឡើងយ៉ាងប្រសើរ។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាអ្នកខេត្តព្រះសីហនុ មិនទាន់យល់និងចាប់អារម្មណ៍វិនិយោគលើខុនដូទេ អ្នកវិនិយោគភាគច្រើនៗតែអ្នកទៅពីចម្ងាយ និងជនបរទេស។អ្នកនាងបន្តថា “តម្លៃខុនដូនៅទីនោះគិតជាមធ្យមមានតម្លៃចន្លោះពី១០០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃដែលខ្ញុំគិតថាមានភាពសមរម្យសម្រាប់ស្ថានភាព និងលក្ខខ័ណ្ឌសេដ្ឋកិច្ចរបស់ខេត្តនេះ។
ទោះជាយ៉ាងណាលោកឡឹប សាលីប្រធានផ្នែកលក់នៃគំរោងខុនដូ Ocean city Condominium ខេត្តព្រះសីហនុបានថ្លែងថា ស្ថានភាពទីផ្សារខុនដូបច្ចុប្បន្នមិនសូវមានភាពល្អប្រសើរនោះទេ ចាប់តាំងពីកំដៅនយោបាយបានកើនឡើង និងការប្រកួតប្រជែងកាន់តែមានភាពតានតឹង នៅក្នុងទីផ្សារខុនដូនិងដីធ្លីក្នុងខេត្តនេះកើនឡើងខ្ពស់៕