ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះយ៉ាងគំហុកក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃ ដោយសារតែការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមពាណិជ្ជកម្មពិភពលោក ដោយសារគោលនយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះជាង១ភាគរយដល់២៧៧២,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៩៥ភាគរយដល់២៨០៨,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។