ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានសម្រេចពន្យារពេលចំនួន១ខែលើការដំឡើងពន្ធចំពោះទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ជាថ្នូរនឹងការរឹតបន្តឹងព្រំដែនជាមួយប្រទេសជិតខាងទាំងពីរ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៦ភាគរយដល់២៨២០,៩០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣ភាគរយដល់២៨៥៣,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៦,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។