ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក(Fed) លោក Jerome Powell បានអះអាងឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា សេដ្ឋកិច្ចអាមេរិកស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយយើងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនោះទេ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយដល់២៨៨៨,២៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥១ភាគរយដល់២៩១៧,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។