ដោយ៖ សហការី
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025កន្លងទៅនេះ បុរី វិមានភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ដែលជាក្រុមហ៊ុនមេរបស់ បុរី វិមានភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារភ្នំពេញពាណិជ្ជក្រោមអធិបតីភាពរបស់លោក Lee Jin Young នាយកប្រតិបត្តិ របស់ធនាគារភ្នំពេញពាណិជ្ជ (PPCBank)។ នេះជាវឌ្ឍនៈភាពដ៏ថ្មីស្រឡាងមួយទៀតរបស់ បុរី វិមានភ្នំពេញ ក្នុងការបន្ថែមជម្រើសធនាគារជាមួយអត្រាការប្រាក់ប្រកួតប្រជែងដើម្បីបង្កើនភាពងាយស្រួល និងអាចក្លាយជាម្ចាស់លំនៅឋានបានគ្រប់គ្នា។ ជាសមិទ្ធផលពីការសហការនេះ ធនាគារភ្នំពេញពាណិជ្ជ បានផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ បុរី វិមានភ្នំពេញ ទាំងអស់នូវទំហំឥណទានរហូតដល់80% នៃតម្លៃអចលនទ្រព្យជាមួយរយៈពេលកម្ចីរហូតដល់30ឆ្នាំ សម្រាប់ឥណទាននេះមានអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ និងសមរម្យដែលអនុញ្ញាតអោយអតិថិជនអាចក្លាយជាម្ចាស់លំនៅឋានកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ទាំងសម្រាប់បុគ្គល និងគ្រួសារ ដែលកំពុងស្វែងរកទិញគេហដ្ឋានលើកដំបូងរបស់ពួកគេ ឬស្វែងរកអចលនទ្រព្យថ្មី ដែលប្រសើរជាងមុន។
យោងតាមប្រសាសន៍របស់នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ « នៅធនាគារភ្នំពេញពាណិជ្ជ យើងជឿជាក់ថា ភាពជាម្ចាស់គេហដ្ឋានគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទាំងបុគ្គល និងគ្រួសារហើយយើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ជំហាននៃដំណើរនោះ » លោកបានបន្តទៀតថា «តាមរយៈការផ្តល់ជូននូវជម្រើសប្រាក់កម្ចីដែលមានភាពបត់បែន យើងកំពុងធ្វើអោយប្រជាជនកម្ពុជាកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋានដែលនឹងធានាបាននូវ អនាគតសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការរបស់យើងជាមួយ បុរី វិមានភ្នំពេញ គឺជាឱកាសដ៏រីករាយមួយក្នុងការធ្វើអោយសុបិននេះក្លាយជាការពិតសម្រាប់មនុស្សជាច្រើន»។