ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេសហ្វីលីពីនកំពុងស្ថិតក្នុងបរិបទថ្មី ស្របពេលតម្រូវការផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Inquirer.Net បានចុះផ្សាយថា ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេសហ្វីលីពីន​នាពេលបច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​ជាមួយនឹង​បញ្ហាប្រឈម​ក្រោមរូបភាពខុសប្លែកគ្នាពីស្ថានភាពពីមុន។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានអះអាងថា ទីផ្សារ​អចលនទ្រព្យ​នៅប្រទេសហ្វីលីពីន​កំពុងរងឥទ្ធិពលពីកត្តានានា ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរីកចំរើនយ៉ាងឆាប់រហ័សខាងផ្នែកបច្ចេកវិទ្យា។

ការកើនឡើងនៃបរិបទបំពេញការងារពីចម្ងាយ(Remote work)បានជំរុញឱ្យតម្រូវការទីតាំងការិយាល័យរួមគ្នា(Co-working space) និងតម្រូវការលំនៅដ្ឋាននៅតំបន់ជាយក្រុងមានការកើនឡើង។

ជាមួយគ្នានេះ ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានស្ថិរភាព នោះតម្រូវការអចលនទ្រព្យនឹងកើនឡើង ខណៈបណ្តាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា និងផ្នែកភស្តុភារត្រូវបានគេរំពឹងថា នឹងជំរុញនិន្នាការថ្មីនៃតម្រូវការអចលនទ្រព្យ។

តម្លៃអចលនទ្រព្យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងម៉ានីល និងទីក្រុងធំៗនៅខាងក្រៅរដ្ឋធានីម៉ានីលនៅតែបន្តមានភាពធន់។ ការណ៍នេះបានទាក់ទាញបណ្តាវិនិយោគិន ដែលស្វែងរកឱកាសធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។

ក្រុមហ៊ុន Cushman & Wakefield បានអះអាងថា “ការកើនឡើងនៃតម្រូវការអចលនទ្រព្យ ដែលមានគុណភាពកាន់តែខ្ពស់ ទីតាំងអំណោយផលល្អ និងភាពធន់ កំពុងកំណត់នូវទិដ្ឋភាពទីផ្សារអចលនទ្រព្យហ្វីលីពីននាពេលអនាគត”។

លោក Claro dG. Cordero Jr. ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Cushman & Wakefield Philippines បានលើកឡើងថា “បណ្តាវិនិយោគិនផ្តល់អាទិភាពដល់ការវិនិយោគលើអចលនទ្រព្យដែលស្ថិតនៅចំទីតាំងល្អប្រសើរ រួមជាមួយនឹងបរិក្ខារល្អ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ។ និន្នាការនេះជួយរក្សាស្ថិរភាពសម្រាប់តម្លៃអចលនទ្រព្យ”។

លើសពីនេះ ការរៀបចំផែនការមេក្នុងការបង្កើតសហគមន៍ថ្មីក៏នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យហ្វីលីពីនផងដែរ។

ម៉្យាងវិញទៀត ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចំពោះការគិតគូរដល់បរិស្ថាន និងនិរន្តរភាព នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកវិនិយោគ និងអ្នកទិញ៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here