ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារប្រាក់ដុល្លារបានស្ទុះងើបឡើងថ្លៃ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៧ភាគរយដល់២៨៦៥,៦២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥១ភាគរយដល់២.៨៨១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។