តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃដល់កម្រិតលើសពី៣.០០០ដុល្លារអាមេរិកក្នុងមួយអោនក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារភាពមិនច្បាស់លាស់អំពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យការទិញមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣ភាគរយដល់៣០១១,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៨ភាគរយដល់៣០២០,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៥៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម១០៣,៣៧ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៦ភាគរយដល់៣៤,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤២ភាគរយដល់១០៣០,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៨ភាគរយដល់៩៧៦,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here