ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ CondoTel ជាទម្រង់វិនិយោគថ្មីមួយ ដែលប្រែក្លាយខុនដូមកជាសណ្ឋាគារប្រណីតកំពុងទទួលបានជោគជ័យ ក្នុងទស្សនទាននៃការអភិវឌ្ឍន៍ថ្មីសំរាប់ទីក្រុងភ្នំពេញ។
ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ CondoTel ជាទម្រង់វិនិយោគថ្មីមួយ ដែលប្រែក្លាយខុនដូមកជាសណ្ឋាគារប្រណីតកំពុងទទួលបានជោគជ័យ ក្នុងទស្សនទាននៃការអភិវឌ្ឍន៍ថ្មីសំរាប់ទីក្រុងភ្នំពេញ។
លោក មាស ង៉ែតវាស នាអគ្គនាយកក្រុមហ៊ុន NAKI GROUP ជាក្រុមហ៊ុននាំមកនូវទស្សនទាននៃការវិនិយោគថ្មីនេះ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា RESIDIA CondoTel ជាប្រភេទធុរកិច្ចថ្មីមួយ ដែលបាននិងកំពុងចាប់ផ្តើមដំបូងគេនៅរាជធានីភ្នំពេញ តាមរយៈការផ្តល់សេវាកម្ម ពីក្រុមហ៊ុនជំនាញមកពីសហរដ្ឋអាមេរិក ដែលបានចូលរួមសហការ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងប្រកបដោយភាពកក់ក្តៅ និងច្នៃប្រឌិតដល់អតិថិជន។
លោកបន្តថា “សេវា Condo-Tel នឹងជាសេវាមានលក្ខណៈចម្រុះដែលរួមបញ្ជូលនូវសេវាកម្មខុនដូ ដោយក្នុងចំណោមផ្ទះ១១០យូនីត នៅក្នុងអគារ Silver Town នឹងត្រូវប្រើប្រាស់ ៥០ភាគរយជា Condo-Tel និង ៥០ភាគរយជាខុនដូ។
លោកបន្តថា “ខ្ញុំជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យ ដោយយើងផ្តោតសំខាន់លើអតិថិជនជាអ្នក Business Travelling និងអតិថិជន ដែលត្រូវការសេវាស្នាក់នៅមានលក្ខណៈជាឯកជន។
សេវាកម្ម Condo-Tel ជាសេវាមានភាពស្រដៀងគ្នានឹងសណ្ឋាគារ ប៉ុន្តែការរៀបចំសេវាបែបនេះ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមានអារម្មណ៍ថា ដូចជាផ្ទះទី២ របស់ពួកគេដោយពួកគេអាចចម្អិនអាហារបានដោយខ្លួនឯង អាចរៀបចំតុបតែងបន្ទប់របស់ពួកគេ និងពួកគេទទួលបានសេវាកម្ម និងការបំពាក់សម្ភារៈប្រើប្រាស់គ្រប់មុខ រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក សេវាកម្មសម្អាត ភោជនីយដ្ឋាន សេវាម្ហូបអាហាររយៈពេល២៤ម៉ោងជាដើម។
លោក មាស វាសនាដែលទទួលបានការបណ្តុះបណ្តាលពីការបម្រើសេវាកម្ម និងគ្រប់គ្រងអគារពីសហរដ្ឋអាមេរិកបានបន្តថា ការផ្តល់សេវាកម្មគ្រប់គ្រងអគារមានសារៈសំខាន់ណាស់ ព្រោះសេវាកម្ម ជាកត្តាស្លាប់រស់របស់សេវាកម្មខុនដូថែល។ ហេតុដូច្នេះទើបយើងផ្តោតលើការគ្រប់គ្រង និងបម្រើសេវាកម្ម ឲ្យបានល្អឥតខ្ចោះជូនអតិថិជន។
លោកបន្តថា “យើងបានគិតពី ស្តង់ដារ និងរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវបែបណា ដើម្បីពេលពួកគេមកដល់ទីតាំងរបស់យើង ពួកគេទទួលបានអារម្មណ៍ កក់ក្តៅ និងប្រកបដោយផាសុខភាពខ្ពស់។
តម្លៃស្នាក់នៅក្នុង Condo-Tel ដែលមានការរៀបចំសេវាកម្មដូចសណ្ឋាគារផ្កាយប្រាំមានតម្លៃបន្ទប់ចន្លោះពី១៤០ទៅ១៥០ដុល្លារក្នុងមួយយប់។
លោកវាសនាបានបន្តថា សេវាកម្ម Condo-Tel បានចាប់ផ្តើមនៅកម្ពុជារួចហើយ ប៉ុន្តែនៅមានតិចនៅឡើយនៅទីក្រុងភ្នំពេញ“ដូច្នេះយើងមិនបារម្ភពីការប្រកួតប្រជែងនោះទេ ផ្ទុយទៅវិញយើងជឿជាក់ថា នឹងទទួលបានជោគជ័យ ព្រោះសេវាកម្មបែបនេះនឹងមានលក្ខណៈល្អប្រសើរនាពេលអនាគត។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធសមាគមទេសចរណ៍ជាតិកម្ពុជា បានថ្លែងថា សេវាកម្ម Condo-Tel ជាសេវាកម្មថ្មីសម្រាប់កម្ពុជា ប៉ុន្តែវាជាសេវាចាស់នៅប្រទេសរីកចម្រើននានា ប៉ុន្តែសេវាកម្មនេះនឹងមានការរីកចម្រើនខ្លាំងនៅកម្ពុជា ក្រោយពេលគេយល់ច្បាស់ពីវិស័យនេះ ពិសេសពេលកម្ពុជាធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខបានល្អប្រសើរ នឹងមានភ្ញៀវបុកចូលមកច្រើន ដោយសារការធ្វើសមាហរណកម្មអាស៊ាន។
លោកបន្តថា “សេវាកម្ម Condo-Tel ជាសេវាកម្មស្នាក់នៅរយៈពេលខ្លី និងវែង ដែលមានលក្ខណៈគ្រួសារ ឬជាបុគ្គល ដែលពួកគេអាចចម្អិនអាហារ អាចរៀបចំតុបតែងដាក់រូបថត ឬសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ ប្រៀបបី ដូចជាផ្ទះរបស់ពួកគេបាន ប៉ុន្តែភ្ញៀវមិនអាច ផ្លាស់ប្តូរទម្រង់ដើមនៃបន្ទប់របស់ពួកគេនោះទេ។
លោកបន្តថា “សេវាកម្មនេះទើបចាប់ផ្តើមនៅកម្ពុជា ប៉ុន្តែវានឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ព្រោះការធ្វើសមាហរណកម្មអាស៊ាន អាចមានភ្ញៀវធ្វើដំណើរជាលក្ខណៈគ្រួសារ ឬឯកជន ពួកគេត្រូវការសេវាបែបនេះ”៕