តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកទិញមាស ដែលជាប្រភេទទ្រព្យសកម្មដ៏មានសុវត្ថិភាព ស្របពេលមានការព្រួយបារម្ភនៃសង្គ្រាមពាណិជ្ជកម្មសកលដែលបង្កឡើងដោយគោលនយោបាយពន្ធគយចុងក្រោយបំផុតរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧៧ភាគរយដល់៣១០៧,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៨២ភាគរយដល់៣១៣៩,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៨៤ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៤ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៥ភាគរយដល់៣៤,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៧ភាគរយដល់៩៩៩,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១២ភាគរយដល់៩៨៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៨នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here