ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ខណៈអចលនទ្រព្យនៅតំបន់បឹងកេងកង១ កាន់តែមានភាពចង្អៀតពិបាករកទិញ និងមានតម្លៃថ្លៃនោះ បានធ្វើអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យកាន់តែច្រើន បានងាកទៅចាប់អារម្មណ៍ ចំពោះអចលនទ្រព្យទៅតំបន់បឹងព្រលឹតវិញ ព្រោះតំបន់ទាំង២ត្រូវបានខណ្ឌដាច់ពីគ្នាត្រឹមតែ១ផ្លូវប៉ុណ្ណោះ។

-->
អគ្គនាយកក្រុមហ៊ុន ស៊ីអិលរៀលធី ខូអិលធីឌីលោក ស៊ា ឆៃលីន បាននិយាយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះតំបន់បឹងព្រលឹត កំពុងវិវត្តន៍ខ្លួនបន្តិចម្តងៗទៅជាកន្លែងមួយដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ បន្ទាប់ពីតំបន់បឹងកេងកង។ ជាក់ស្តែងនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅក្នុងសង្កាត់បឹងព្រលឹត គេឃើញមានសំណង់ធំៗ និងខ្ពស់ៗ ជាច្រើនបានលេចឡើង ខណៈមួយចំនួនទៀតកំពុងសាងសង់។ លោកបន្តថា បឹងព្រលឹត ជាកន្លែងដែលមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ ព្រោះទីនោះស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មិនលិចទឹក និងជាទីប្រជុំនៃសេវាកម្មចម្រុះជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី និងវិមានឯករាជ្យជាដើម។
លោកបន្តថា “អចលនទ្រព្យនៅក្នុងសង្កាត់បឹងព្រលឹត នឹងមានសក្តានុពលកាន់តែខ្លាំង ខណៈទីនោះកាលពីមុនជាកន្លែង ដែលជនបរទេសចូលចិត្តមកស្នាក់នៅ រហូតមានមនុស្សមួយចំនួនបានហៅតំបន់នោះថា តំបន់ទេសចរណ៍ដាក់កាដូរទៀតផង។

លោក ស៊ា ឆៃលីន បានអះអាងថាដី និងអចលនទ្រព្យនៅបឹងព្រលឹតនាពេលនេះ មានតម្លៃមិនសូវចាញ់តំបន់បឹងកេងកង១នោះទេ បើទោះបីជានៅទីនោះគេពិបាករកដីដែលមានទំហំធំក៏ដោយ។ នាពេលខាងមុខឆាប់ៗនេះខ្ញុំគិតថា អចលនទ្រព្យនៅសង្កាត់បឹងព្រលឹត នឹងមានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអេស្ទេត និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា តំបន់ដែលអចលនទ្រព្យកំពុងកើនតម្លៃច្រើនជាងគេនៅកណ្តាលរាជធានីភ្នំពេញ គឺបឹងព្រលឹត ព្រោះទីនោះជាតំបន់ស្ថិតនៅចន្លោះមហាវិថីព្រះមុនីវង្ស ជាមួយពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឆ្នាំ២០១៥តម្លៃអចលនទ្រព្យតំបន់ខាងលើ មានកើនឡើងប្រហែល៣០ភាគរយ។ លោកបានប្រាប់ទៀតថា កាលពីដើមឆ្នាំ២០១៥ ដីនៅក្នុងសង្កាត់បឹងព្រលឹតក្នុង១ម៉ែត្រការ៉េ មានតម្លៃប្រហែល៣០០០ដុល្លារ ខណៈបច្ចុប្បន្នមានតម្លៃប្រហែល៤០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយថែមទាំងពិបាករកដីទិញបានទៀតផង។
លោកបន្តថា “អចលនទ្រព្យតំបន់បឹងព្រលឹតកំពុងមានសក្តានុពលខ្លាំង ហើយសម្រាប់ឆ្នាំ២០១៦ នេះខ្ញុំគិតថា អចលនទ្រព្យនៅទីនោះនឹងកើនតម្លៃច្រើនបន្ថែមទៀត។

មានកត្តាធំៗចំនួន២ ដែលធ្វើឲ្យតម្លៃដីនៅតំបន់បឹងព្រលឹតកើនឡើង ទី១ ការជះឥទ្ធិពលពីគម្រោងអភិវឌ្ឍន៍ Olympia City, Star City, និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលស្ថិតនៅជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក និងតម្លៃដ៏ខ្ពស់របស់ដីនៅតំបន់បឹងកេងកង១៕