តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈធនាគារកណ្តាលអាមេរិកអាចប្រឈមមុខនឹងការលំបាកក្នុងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន ដោយសារការកើនឡើងនៃហានិភ័យអតិផរណា ដែលបណ្តាលមកពីការដំឡើងពន្ធគយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦១ភាគរយដល់៣០១៨,៧០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤ភាគរយដល់៣០៤៥,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥១,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៩៤ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,០២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង២,៦២ភាគរយដល់៣០ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩៥ភាគរយដល់៩២៣,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២១ភាគរយដល់៩០៩,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here