តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ខណៈក្រុមអ្នកវិនិយោគកំពុងសម្រុកទិញមាស នៅក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៩ភាគរយដល់៣០០៤,២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,០៩ភាគរយដល់៣០២២,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៤៦ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៨ភាគរយដល់២៩,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៦ភាគរយដល់៩០៩,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៦ភាគរយដល់៨៨៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១១:០០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here