ប្រទេសចិនគាំទ្រការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសខ្លួននិងប្រទេសក្នុងតំបន់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញ​ការតភា្ជប់កា​រដឹ​ក​ជញ្ជូន​កម្ពុជា-ចិន និង ប្រ​ទេ​សក្នុងតំបន់។

ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅ​កម្ពុជា លោកវ៉ាង វិនប៊ិន ​បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតីស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុង​ការ​កសាង​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាម​ពល​ព្រះ​អាទិត្យ ថាមពលដើរដោយខ្យល់ និង បច្ចេកវិទ្យាថាមពលស្អាត ជាពិសេស ការជំរុញ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​តាមផ្លូវដែក។

លោកបន្តថា “កិច្ចសហប្រតិបត្តិការផ្លូវដែក ចិនចាត់ទុកថា ជា​ចំនុច​សំខាន់ មិនត្រឹមតែផលសម្រាប់ចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើក​កម្ពស់​ដល់​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ និងការធ្វើពាណិជ្ជកម្មទ្វេរ រួមនឹង ពហុភាគីថែមទៀតផង”។ លោកបន្តថា “ផ្លូវដែកពីចិន តភ្ជាប់មកកម្ពុជា​នឹងមានកិច្ចពិភាក្សាគ្នានៅពេលខាងមុខ”។

ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបាន​លើក​ទឹក​ចិត្តស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ក្នុងប្រទេសទាំង២ ពង្រឹងកិច្ច​សហកា​រ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​បង្ក​អោយ​មាន​ផ​ល​ប៉ះ​ពាល់​ណា​មួយ ​ដល់​ទំនាក់ទំនងមិត្ត​ភាពដែកថែបកម្ពុជា ចិន ។

លោកវ៉ាង វិនប៊ិន បានថ្លែង​ទៀត​ថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះ​បញ្ចាំង​ក្នុង​ការគាំទ្រ ​រាល់​កិច្ច​ប្រឹង​ប្រែង​គ្នា​ទៅ​វិញ​ទៅមក ដើម្បីការពារផលប្រយោជន៍ស្នូល។ ក្នុងនោះភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិប​តេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើស​ នៃ​មាគ៌ា​អភិវឌ្ឍន៍​របស់​កម្ពុជា ​សម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់​ចំពោះ​កម្ពុ​ជា​ ក្នុង​ការ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើ​បញ្ហាតំបន់ និងអន្តរជាតិ។

គិតមកដល់ពេលនេះរដ្ឋាភិបាលចិន បានចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជា​បានចំនួន​៣០​ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាមេរិក ផ្លូវដែលចិន​បាន​ជួយ​កសាង​រួចនោះ គឺមានប្រវែងជាង៣០០០គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here