តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារការដាំក្បាលចុះនៃប្រាក់ដុល្លារ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងបណ្តាដៃគូសំខាន់ៗរបស់ខ្លួន ដែលបង្កឱ្យមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច។

តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,៦៥ភាគរយដល់ត្រឹម៣៣៨២,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង២ភាគរយដល់៣.៣៩៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានដាំក្បាលចុះដល់៩៨,៣ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១ភាគរយដល់៣២,៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៨ភាគរយដល់៩៧៨,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៣ភាគរយដល់៩៦៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៧នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here