ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួនកំពុងពិចារណាស្វែងរកកិច្ចព្រមព្រៀងសំខាន់ៗ ដើម្បីជំរុញកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Samsung Electronics ប្រឈមមុខនឹងសំណួរដ៏លំបាកពីម្ចាស់ភាគហ៊ុនរបស់ខ្លួន ដោយសារភាពបរាជ័យរបស់ Samsung ក្នុងការជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលរួមចំណែកធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះដាំក្បាលចុះ កាលពីឆ្នាំមុន ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូងបាននិងកំពុងជួបប្រទះបញ្ហាសំខាន់ៗដូចជា ការធ្លាក់ចុះនៃប្រាក់ចំណូល និងការធ្លាក់ថ្លៃចុះនៃភាគហ៊ុនជាបន្តបន្ទាប់ ដោយសារតែភាពយឺតយ៉ាវរបស់ក្រុមហ៊ុននេះ ក្នុងការផលិតបន្ទះឈីបអង្គចងចាំដែលមានប្រសិទ្ធភាពខ្ពស់ និងការផលិតបន្ទះឈីបសម្រាប់លក់ទៅឱ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។