ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន JLL បានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាពិសេសនៅក្បែរតំបន់ Dallas/Fort Worth និងទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើតតម្រូវការថ្មីសម្រាប់ឃ្លាំង និងជំរុញឱ្យថ្លៃជួលកើនឡើងនៅត្រីមាសទី៣។
ក្រុមហ៊ុននានាដូចជា Alphabet, Microsoft, Meta និង Amazon កំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងការប្រកួតប្រជែងដើម្បីដណ្តើមភាពជាអ្នកដឹកនាំក្នុងវិស័យបញ្ញាសិប្បនិម្មិត (Artificial Intelligence)។
វិស័យនេះទាមទារឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនីក្នុងបរិមាណដ៏ច្រើន ដើម្បីដំណើរការម៉ាស៊ីនមេ (servers) និងបន្ទះឈីបកុំព្យូទ័រ ដែលចាំបាច់ត្រូវធ្វើឱ្យត្រជាក់ជានិច្ច ដើម្បីការពារកុំឱ្យឡើងកម្ដៅខ្លាំងពេក។
ក្រុមហ៊ុន JLL បានអះអាងថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យ កំពុងជំរុញឱ្យមានតម្រូវការយ៉ាងខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម នៅតាមមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញសំខាន់ៗ ដូចជាតំបន់ Dallas/Fort Worth។
ក្រុមហ៊ុន JLL បានឱ្យដឹងថា តម្លៃជួលឃ្លាំងជាមធ្យមដែលម្ចាស់អចលនទ្រព្យដាក់ចេញ បានកើនឡើងដល់ ១០,៥៥ ដុល្លារក្នុងមួយហ្វីតការ៉េ កើនឡើង ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាអត្រាកំណើនប្រចាំឆ្នាំដ៏ឆាប់រហ័សបំផុត ចាប់តាំងពីត្រីមាសទីពីរ ឆ្នាំ២០២៤ មក។
ការពង្រីកវិស័យឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ កំពុងជំរុញតម្រូវការ។ ក្រុមហ៊ុន JLL បានកត់សម្គាល់ឃើញថា តម្រូវការពីសំណាក់អ្នកជួលក្នុងវិស័យសំណង់ ទូរគមនាគមន៍ និងសេវាសាធារណៈ (ដូចជា ទឹក ភ្លើង ជាដើម) មានការកើនឡើង៕






