ដោយៈ យិន លាងគង់
តូក្យូៈ ទង់ជាតិរបស់ប្រទេសជប៉ុន ដែលដាក់រូបព្រះអាទិត្យជាតំណាង មិនផ្លាស់ប្តូរព៌ណទេ តែវាបានបក់រវិកៗ ស្វាគមន៍មេដឹកនាំ វ័យក្មេងរបស់កម្ពុជា។
សម្លេងទះដៃ សំណើចពោរពេញដោយក្តីរំភើប របស់ប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែររស់នៅប្រទេសជប៉ុន និងសមាជិកគណៈប្រតិភូបាននាំមកនូវអារម្មណ៍កក់ក្តៅ ប្រៀដូចព្រះទិត្យរបស់ជប៉ុន រះនាពេលព្រឹកព្រលឹម។
-->
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានក្លាយជាមេដឹកនាំកម្ពុជា ប្រកបដោយថាមភាព សម្រាប់ជាតិកម្ពុជាទាំងមូល និងជាមេដឹកនាំវ័យក្មេងជាងគេ នៅក្នុងចំណោមមេដឹកនាំរបស់ប្រជាជាតិអាស៊ី អាគ្នេយ៍ ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពោរពេញដោយកាលវិភាគដ៏មមាញឹក សម្តេចធិបតីហ៊ុន ម៉ាណែត និងស្រ្តីទី១កម្ពុជា បានចេញដំណើរបន្តទៅទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃគិតចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥ខាងមុខ។

ទំនាក់ទំនងដែលត្រូវបានពូនជ្រុំ
ទំនាក់ទំនងកាទូតរបស់កម្ពុជា និងប្រទេសជប៉ុនមានសភាពវែងអន្លាយដូចរឿងមួយពាន់មួយយប់ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ១៦០៣ ដែលមានសភាពលូន និងរអាក់រអួលជាបន្តបន្ទាប់ ប្រៀបដូចទឹកសមុទ្រមានជោរ មាននាចន៍។
ឆ្លងកាត់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ទំនាក់ទំនងកម្ពុជានិងជប៉ុន ដែលពិតមែនតែមានទំនាក់ទំនងមិត្តភាព រវាងគ្នាអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ ទើបតែស្និទ្ធស្នាលគ្នាខ្លាំង ចាប់ពីដើមទសវត្សរ៍ទី៩០មកតែប៉ុណ្ណោះ។
អ្នកសិក្សាប្រវរត្តិសាស្រ្តកម្ពុជា លោកហ្សង់ ហ្រ្វង់ស្វ័រតាន់បានលើកឡើងថា គេត្រូវរង់ចាំរហូតដល់កិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបឃើញជប៉ុនចេញមុខដើរតួនាទីសំខាន់ នៅក្នុងអភិក្រមនៃការកសាងស្ថាបនាកម្ពុជាឡើងវិញ។ តាំងពីឆ្នាំ១៩៩២រហូតមកទល់សព្វថ្ងៃ ជាមធ្យមភាគ ជប៉ុនផ្តល់ជំនួយឲ្យកម្ពុជា ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ ជាពិសេសដើម្បីជួសជុល ឬកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតធនធានមនុស្ស។
រដ្ឋាភិបាលជប៉ុនបន្តបន្ទាប់គ្នាបានអះអាងថា ខ្លួនបានសម្រេចចិត្តមកជួយ កម្ពុជាដោយសារតែប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោយរបបខ្មែរក្រហមស្រដៀងគ្នា នឹងប្រវត្តិសាស្ត្ររបស់ជប៉ុន ក្រោយសង្គ្រាមលោកលើកទីពីរ ពោលគឺប្រទេសបានខ្ទេចខ្ទី រីឯប្រជាជនក៏បានស្លាប់អស់ច្រើនដែរ។

យ៉ាងណាក៏ដោយ ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ជប៉ុនដល់កម្ពុជានេះ ចង់ឬមិនចង់ វាឋិតនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្ត្ររបស់ទីក្រុងតូក្យូ(Tokyo) ក្នុងការពង្រីកឥទ្ធិពលរបស់ជប៉ុន នៅកម្ពុជាដាច់ដោយឡែកនិងនៅអាស៊ីអាគ្នេយ៍ជាទូទៅ។
ទំនាក់ទំនងទ្វេរភាគីជាមួយកម្ពុជា ដែលមានមូលដ្ឋាននៅលើជំនួយ និងប្រាក់កម្ចីច្រើនរយលានដុល្លារ របស់ជប៉ុនដល់កម្ពុជាក្នុងមួយឆ្នាំៗ ព្រមទាំងការពង្រឹងសហប្រតិបត្តិការផ្សេងៗ ដូចយ៉ាងនៅលើវិស័យវប្បធម៌ អប់រំជាតិ ទេសចរណ៍ និងសុខាភិបាល។
និយាយរួម ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន នាអំឡុងពេលជាង២០ឆ្នាំចុងក្រោយនេះ បាននិងកំពុងបន្តមានលក្ខណៈកាន់តែស្និទ្ធស្នាលឡើងជាលំដាប់។ ទំនាក់ទំនងនេះ “បរិសុទ្ធណាស់” បើយោងទៅតាមព្រះរាជបន្ទូល របស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ។
ជំនួយអភិវឌ្ឍន៍ជប៉ុននៅកម្ពុជា
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលជប៉ុនបាននាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដែលមានការប្រាក់ទាបដល់កម្ពុជា មុនពេលប្រទេសចិនចូលមកជំនួសដំណែង។
អ្វីដែលជាសមិទ្ឋផលដ៏លេចធ្លោរបស់ជប៉ុននៅកម្ពុជា គឺប្រទេសនេះ បានជួយតភ្ជាប់ស្ពានជ្រោយចង្វារឡើងវិញ នៅឆ្នាំ១៩៩២ ដែលបានផ្លាស់ប្តូរមុខមាត់តំបន់ជ្រោយចង្វារទាំងស្រុង។
លើសពីនេះ ជប៉ុនក៏បានសាងសង់ស្ពានមិត្តភាពកម្ពុជា ជប៉ុនទន្លេបិទ នៅក្រុងកំពង់ចាម ស្ពានដ៏ស្រស់ស្អាតជាងគេ គឺស្ពានត្យឹបាសា ឬស្ពានអ្នកលឿង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត រួមមានការស្តារ និងសាងសង់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៥ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនឬមជ្ឈមណ្ឌលគាំពារមាតា និងទារកហៅពេទ្យជប៉ុន មន្ទីរពេទ្យបង្អែកជប៉ុននៅក្រុងសៀមរាប ព្រមទាំងជំនួយជាច្រើនទៀត ក្នុងន័យចូលរួមស្តារសុខមាលភាពសង្គម និងជម្រុញសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

មេដឹកនាំពោរពេញដោយថាមពល
ជាមួយនឹងការផ្តល់ជំនួយ និងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ សម្តេចធិបតីហ៊ុន ម៉ាណែតក្នុងអំឡុងពេលអញ្ជើញ ទៅដល់ប្រទេសជប៉ុន មេដឹកនាំកម្ពុជារូបនេះ បានទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ សហមាគមធុរកិច្ច និងមេដឹកនាំជប៉ុនជាបន្តបន្ទាប់ ដើម្បីពិភាក្សាការងារទ្វេរភាគី ពិសេសបង្ហាញនូវទស្សនវិស័យ កាលានុវត្តន៍ភាព និងគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តអ្នកវិនិយោគជប៉ុន ឲ្យពង្រីកការវិនិយោគ និងបោះទុនវិនិយោគនៅកម្ពុជា។
ជាមួយនឹងការចាប់រលាក់ដៃ ពោរពេញដោយភាពកក់ក្តៅ និងស្និទ្ឋស្នាល មេដឹកនាំក្រុមហ៊ុន សមាគមធុរកិច្ចជប៉ុនធំៗប្រមាណ៣០ ត្រូវបានអនុញ្ញាត្តឲ្យចូលជួប និងពិភាក្សាការងារក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនៅជប៉ុន របស់សម្តេចធិបតីហ៊ុន ម៉ាណែតនៃកម្ពុជា។
ជាមេដឹកនាំពោរពេញដោយចំណេះដឹង ឥរិយាបទបែបអេលីត និងពោរពេញដោយទេពកោសល្យ មេដឹកនាំកម្ពុជារូបនេះ កំពុងដើរលើ “កម្រាលព្រំមាស”របស់សម្តេចតេជោហ៊ុន សែនអតីតៈនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដើម្បីនាំប្រជាជាតិនេះឆ្ពោះទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូល “មធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
បេសកកម្មដ៏លំបាក ពោរពេញដោយការែកពន់ និងឆ្លងកាត់របត់នយោបាយពិភពលោកដ៏ស្មុគ្រស្មាញ និងប្រែប្រួលមិនអាចព្យាករណ៍បាននេះ បាននិងកំពុងធ្វើឲ្យមេដឹកនាំកម្ពុជារូបនេះ ត្រូវខិតខំកាន់តែខ្លាំង ដើម្បីសម្រេចបាននូវចក្ខុវិស័យ រយៈពេលវែងសម្រាប់ជាតិមួយនេះ។
កម្រាលព្រំព៌ណក្រហមនិងការចាប់ផ្តើមនូវទំនាក់ទំនងកាន់តែប្រសើរ
ផ្តើមចេញពីព៌ណនយោបាយកាន់តែល្អប្រសើរ និងស្អិតរមួត ការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានកំណើនជាប់ជាប្រចាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានកើនឡើងក្នុងទំហំទឹកប្រាក់ពី១,៤ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។ នេះបើតាមទិន្នន័យគយ និងរដ្ឋាករកម្ពុជា។
មន្រ្តីជាន់ខ្ពស់កម្ពុជា លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចាត់ទុកកំណើននេះ ជាការឆ្លុះបញ្ចាំងថា “ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា”។
លើសពីនេះ សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងកាលពីពេលកន្លងមកថា ជប៉ុនបានក្រាលមូលដ្ឋាន សម្រាប់ការវិនិយោគរយៈពេលវែងរួចហើយនៅកម្ពុជា ដោយអ្នកធុរកិច្ចរបស់ប្រទេសនេះ បានសាងសង់មន្ទីរពេទ្យ សាងសង់សាលារៀន ខុនដូ អាគារពាណិជ្ជកម្ម ធនាគារ ទីលានវាយកូនហ្គោល និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ជាច្រើនទៀត ដែលសមល្មម សម្រាប់អ្នកវិនិយោគរបស់ប្រទេសនេះ មកធ្វើការនិងរស់នៅកម្ពុជាប្រកបដោយភាពកក់ក្តៅ។
លោកបញ្ជាក់ថា “អ្នកវិនិយោគជប៉ុន មុនមកកាន់ប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ពីមូលដ្ឋានសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង ការរីកចម្រើនសេដ្ឋកិច្ច ព្រមទាំងមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តមកវិនិយោគ”។
យុទ្ឋសាស្រ្តគោះទ្វារអ្នកវិនិយោគ
ជាមួយនឹងទស្សនទាន និងចក្ខុវិស័យច្បាស់លាស់ តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្ត “កាទូតសេដ្ឋកិច្ច” ដោយអនុញ្ញាត្តឲ្យស្ថានទូតនានារបស់កម្ពុជា ប្រចាំនៅប្រទេសជាមិត្ត មានមន្រ្តីកាទូតជំនាញផ្នែកសេដ្ឋកិច្ច សម្តេចធិបតីហ៊ុន ម៉ាណែតបានណែនាំ និងផ្តល់អនុសាសន៍ជាច្រើនឲ្យស្ថានទូតនិមួយៗ ពង្រីកទំនាក់ទំនងនិងធ្វើការផ្សព្វផ្សាយពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកធ្វើធុរកិច្ចនៅកម្ពុជា។
លើសពីនេះមន្រ្តីជាន់ខ្ពស់កម្ពុជា លោកស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដើរតូនាទីសំខាន់ និងយ៉ាងសកម្មដើម្បីដើរគោះទ្វារអ្នកវិនិយោគនៅតាមបណ្តាប្រទេសជាច្រើន។
កាន់តែពិសេសជាងនេះ នៅពេលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសណាមួយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែបានរៀបចំវេទិកាធុរកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសទាំងនោះ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាជាមួយនឹងលទ្ឋផលគួរជាទីគាប់ចិត្តផងដែរ។
ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ នៅប្រទេសជប៉ុនសម្តេចធិបតី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដោយមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន២២៧ក្រុមហ៊ុន បានអញ្ជើញចូលរួម។
ទំនាក់ទំនងកាន់តែប្រសើរឡើងដូចព្រះអាទិត្យជប៉ុន
ជាមួយនឹងការស្វាគមន៍មេដឹកនាំកម្ពុជា ដោយប្រជាពលរដ្ឋជប៉ុន និងកម្ពុជា មេដឹកនាំនៃប្រទេសទាំងពីរ បាននិងកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់កម្រិតយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។
ក្រៅពីអញ្ជើញជាអធិរបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JTRO) សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ បានជួបសវនាការជាមួយជួបជាមួយ ព្រះអង្គម្ចាស់Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
បង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ
ផ្តើមចេញពីសិស្សពូកែ មេដឹកនាំដ៏មានប្រជាប្រិយភាព មេដឹកនាំ ដែលមានសញ្ញាបត្របណ្ឌិតច្រើនជាងគេ ជាបុរសកម្ពុជាទី១ ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិកWest Point មេដឹកនាំកម្ពុជារូបនេះ ក៏ទទួលបាននូវស្នាមថើប ពីប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងច្រើនជាងគេ នៅគ្រប់ទិសទីនៅកម្ពុជាផងដែរ។
ជាមួយនឹងប្រជាប្រិយភាព និងចំណេះដឹងពហុជំនាញនេះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តយស ក្នុងកម្មវិធីដែលរៀបចំឡើង ដោយសារព័ត៌មានNikei Asia ដែលជាវេទិកាលំដាប់ពិភពលោក ដែលមានមេដឹកនាំ និងអ្នកជំនាញអន្តរជាតិល្បីៗចូលរួម។
ជាអ្នកដឹកនាំមានចំណេះដឹងផ្នែកយោធា វិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ឆ្នើម សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងបង្ហាញខ្លួនក្នុងនាមមេដឹកនាំវ័យក្មេងកម្ពុជា ដែលនឹងបង្ហាញនូវទស្សនទានថ្មី សម្រាប់បរិបទនយោបាយ និងសេដ្ឋកិច្ចក្នុងបរិបទថ្មីទៅកាន់វេទិកាដ៏មានកិត្យានុភាពមួយនេះ។
ការជ្រើសរើសមេដឹកនាំឈ្លាសវៃបានម្នាក់ ជាសំណាងល្អរបស់ប្រជាជាតិ៕