ការលក់អចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសចិនបានបន្តធ្លាក់ចុះនៅក្នុងខែឧសភា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបឋមបានបង្ហាញថា ការលក់អចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសចិនបានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដែលជាសញ្ញាបង្ហាញថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅតែមានផលប៉ះពាល់លើសេដ្ឋកិច្ច ដែលទទួលរងសម្ពាធពីបញ្ហាបរិត្តផរណា និងភាពតានតឹងពាណិជ្ជកម្ម។

ទំហំទឹកប្រាក់សរុប ដែលបណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន១០០ ទទួលបានពីការលក់ផ្ទះថ្មីពី បានធ្លាក់ចុះ៨,៦ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម២៩៤,៦ពាន់លានយ័ន(ប្រមាណពាន់លានដុល្លារ) បន្ទាប់ពីបានធ្លាក់ចុះ៨,៧ភាគរយនៅក្នុងខែមេសា។ នេះបើយោងតាមការគណនាដោយផ្អែកលើទិន្នន័យបឋមរបស់ក្រុមហ៊ុន China Real Estate Information Corp។

ការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់ពន្ធគយលើទំនិញចិនមកនៅត្រឹម៣០ភាគរយជាបណ្តោះអាសន្នមិនបានជះផលវិជ្ជមានខ្លាំងលើសេដ្ឋកិច្ចចិនឡើយ ដោយសារការធ្លាក់ចុះនៃតម្លៃទំនិញ ឬវិបត្តិបរិត្តផរណា បានជះផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មនានា និងប្រាក់ចំណូលរបស់បុគ្គលិក។

ជាមួយគ្នានេះ កត្តាខាងលើបាននាំឱ្យតម្រូវការទិញលំនៅដ្ឋាននៅប្រទេសចិនថយចុះ ស្របពេលដែលឥទ្ធិពលនៃវិធានការជំរុញលើកទឹកចិត្តកាលពីខែកញ្ញាឆ្នាំមុនរបស់រដ្ឋាភិបាលចិនបានចាប់ផ្តើមធ្លាក់ចុះ។ ចំណែក៧០ភាគរយនៃចំនួនទ្រព្យសម្បត្តិសរុបរបស់គ្រួសារជនជាតិចិនត្រូវបានបណ្តាក់ទុននៅក្នុងទីផ្សារអចលនទ្រព្យ។

លោកស្រី Wang Ying នាយិកាគ្រប់គ្រងក្រុមហ៊ុន Fitch Ratings បានអះអាងថា “វិស័យអចលនទ្រព្យចិនមិនទាន់ដាំក្បាលចុះដល់បាតនៅឡើយទេ។ ផ្ទះដែលមិនទាន់លក់ដាច់ភាគច្រើនស្ថិតនៅតាមទីក្រុងតូចៗ។ ដូច្នេះ ទីផ្សារនឹងមិនមានភាពប្រសើរឡើងទេ លុះត្រាមានការកើនឡើងនៃប្រាក់ចំណូល និងទ្រព្យសម្បត្តិ”។

ទោះជាយ៉ាងណាក្តី ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបានលើកឡើងថា ការងើបឡើងវិញក្នុងវិស័យអចលនទ្រព្យនឹងអាចជួយការពារសេដ្ឋកិច្ចរបស់ប្រទេសនេះពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីជំរុញទំនុកចិត្តលើទីផ្សារអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here