តម្រូវការ និងតម្លៃជួលការិយាល័យកម្រិត A ក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីបង្ហាញភាពវិជ្ជមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានព្យាករណ៍ថា អត្រាការិយាល័យទំនេរនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងថយចុះបន្តិចមកនៅត្រឹមប្រមាណ៣៤ភាគរយត្រឹមចុងឆ្នាំ២០២៥នេះ ដោយសារភាពប្រសើរឡើងផ្នែកតម្រូវការ។

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យខាងលើបានគូសបញ្ជាក់ថា និន្នាការនៃការងាកទៅរកការិយាល័យមានគុណភាពខ្ពស់ត្រូវបានរំពឹងថា នឹងនៅតែអូសបន្លាយពេញមួយឆ្នាំ២០២៥ ដោយសារយុទ្ធសាស្រ្តកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននានា។

-->

នៅដើមឆ្នាំ២០២៥ ទីផ្សារបានបង្ហាញពីតម្រូវការជាវិជ្ជមាន ខណៈទំហំនៃការជួលបានកើនឡើងដល់ប្រមាណ១៣.០០០ម៉ែត្រការរ៉េ។ ដូចគ្នានេះផងដែរ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានសម្រេចងាកទៅជួលការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ជាពិសេសអគារកម្រិត A ។

វិស័យសេវាកម្មហិរញ្ញវត្ថុបានបន្តគ្របដណ្តប់ចំណែកយ៉ាងធំបំផុតនៃតម្រូវការការិយាល័យនៅរដ្ឋធានីហ្សាការតា បើគិតពីទំហំផ្ទៃក្រឡា តាមពីក្រោយដោយវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យា។ កាលពីត្រីមាសទី១ ឆ្នាំនេះ គេមិនបានសង្កេតឃើញមានអគារថ្មីណាមួយត្រូវបានបញ្ចប់ការសាងសង់ទេ។

ទោះជាយ៉ាងណាក្តី សក្ដានុពលទីផ្សារបច្ចុប្បន្នបានបង្ហាញអំពីលក្ខខណ្ឌអំណោយផលសម្រាប់អគារការិយាល័យដែលមានស្រាប់ ខណៈក្រុមហ៊ុន JLL រំពឹងថា នឹងមិនមានការផ្គត់ផ្គង់ការិយាល័យថ្មីពេញមួយឆ្នាំ២០២៥នេះ។

អត្រាគ្របដណ្តប់ការជួលការិយាល័យកម្រិត A (Occupancy Rate) ក្នុងរដ្ឋធានីហ្សាការតាបានកើនឡើង០,៣ភាគរយដល់ចំនួន៦៥ភាគរយកាលពីត្រីមាសទី១ បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន។ចំណែក តម្លៃជួលការិយាល័យកម្រិត A ក៏បានបង្ហាញពីនិន្នាការវិជ្ជមានផងដែរនាដើមឆ្នាំ២០២៥ ដោយកើនឡើង០,៨ភាគរយក្នុងត្រីមាសទី១ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន៕