ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងតំបន់អាសុីមានការកើនឡើង ទោះប្រឈមមុខនឹងកង្វះថាមពល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ទោះជាមានកំណើននៃការផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យទ្វេរដងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល៣ឆ្នាំខាងមុខយ៉ាងណាក្តី ក៏តំបន់នេះនឹងបន្តជួបភាពខ្វះខាតថាមពលចន្លោះពី១៥ជីហ្គាវ៉ាត់ ទៅ២៥ជីហ្គាវ៉ាត់នៅឆ្នាំ២០២៨។

ការកើនឡើងនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងតម្រូវការផ្ទុកទិន្នន័យ កំពុងជំរុញតម្រូវការមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្តែ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា “មិនមែនមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់ និងគម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនាពេលអនាគតទាំងអស់ក្នុងតំបន់ត្រូវបានបំពាក់ដោយ AI នោះទេ”។

មជ្ឈមណ្ឌលទិន្នន័យ ដែលផ្តោតលើ AI ត្រូវការថាមពលច្រើនជាងមជ្ឈមណ្ឌលទិន្នន័យធម្មតា។ ដោយសារគម្រោងមជ្ឈមណ្ឌលទិន្នន័យជាច្រើននាពេលបច្ចុប្បន្នត្រូវបានរចនាសាងសង់ឡើងមុនយុគសម័យ AI ដូច្នេះតំបន់អាស៊ីប៉ាស៊ីហ្វិកអាចប្រឈមមុខនឹងការខ្វះខាតថាមពលនាពេលអនាគត។

-->

ទោះបីជាមានបញ្ហាប្រឈមទាំងនេះយ៉ាងណាក្តី ក៏ការបោះទុនវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅតែមានភាពរឹងមាំ។ យោងតាមក្រុមហ៊ុន MSCI និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Research បានឱ្យដឹងថា ទំហំនៃការវិនិយោគផ្ទាល់បានកើនឡើងដល់ចំនួន៤,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

លោក Tom Fillmore អ្នកជំនាញជាន់ខ្ពស់ផ្នែកមជ្ឈមណ្ឌលទិន្នន័យ និងទីផ្សារមូលធនអាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន CBRE បានមានប្រសាសន៍ឱ្យដឹងថា “ដើម្បីទាញយកផលប្រយោជន៍ពីកំណើនបច្ចេកវិទ្យា AI បណ្តាវិនិយោគិនគួរផ្តោតលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យទំនើបកម្រិតខ្ពស់បន្ថែមទៀត”។

មូលដ្ឋានគ្រឹះដ៏រឹងមាំនៃវិស័យមជ្ឈមណ្ឌលទិន្នន័យ ត្រូវបានគេរំពឹងថា នឹងបង្កើតនូវឱកាសវិនិយោគដ៏ច្រើន មិនថាតាមរយៈការទិញដោយផ្ទាល់ ការអភិវឌ្ឍន៍ថ្មី ឬភាពជាដៃគូបណ្តាក់ទុនរួមគ្នា៕