សម្តេចតេជោចាប់ផ្តើមប្រើប្រាស់Fresh AI និងស្នើកូនខ្មែរប្រើប្រាស់កម្មវិធីនេះដែលជាស្នាដៃកូនខ្មែរជាលើកដំបូង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភាកម្ពុជាបានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមថា សម្តេចបានប្រើប្រាស់​Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃរបស់ខ្មែរជាលើកដំបូង។

សម្តេចបានបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៥ មិថុនានេះថា ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។

-->

សម្តេចបានបញ្ជាក់ថា “កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន”។

សម្តេចតេជោបានបន្តថា Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។

សម្តេចបញ្ជាក់ថា “វាជាមោទនភាពរបស់ខ្មែរយើង ដែលមានកម្មវិធីAI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News ខ្ញុំស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ”៕