រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនវិវាទនៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្ដរជាតិរួចហើយ

0

(ភ្នំពេញ)៖ ដោយមិនបង្អង់យូរឡើយ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបញ្ជូនវិវាទរវាងកម្ពុជា-ថៃ នៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តុច និងប្រសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) រួចរាល់ហើយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការសម្រេចបញ្ជូនបញ្ហាវិវាទនៅតំបន់ទាំង៤នេះទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុងឡាអេ ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។

-->

បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ, តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។

ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។

តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិន មានការដោះស្រាយនោះទេ។ ការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ»

ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការ ICJ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញចិត្តបន្តការសន្ទនា និងច្រកការទូត កម្ពុជា នឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការ ICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបាន ដាក់បញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំ JBC នាពេលខាងមុខនេះ។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ៕