ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបានធ្វើឱ្យប្រទេសហ្វីលីពីនក្លាយទៅជាចំណុចវិជ្ជមានមួយក្នុងតំបន់អាស៊ាន។ ការកាត់បន្ថយអត្រាការប្រាក់នឹងផ្តល់នូវសន្ទុះដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន ដែលជំរុញដោយការចំណាយក្នុងគ្រួសារ។
ការជួលការិយាល័យនៅទីក្រុងម៉ានីល (Metro Manila) ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីន នៅតែជាបញ្ហាប្រឈម។ ប៉ុន្តែ សកម្មភាពជួលទុកមុន(Pre-leasing) បានចាប់ផ្តើមកម្រើកឡើងវិញ។
ការធ្លាក់ចុះនៃអត្រាការប្រាក់ត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការសម្រាប់គម្រោងលំនៅដ្ឋាន ជាពិសេសនៅតំបន់ខាងក្រៅរដ្ឋធានី ខណៈអ្នកអភិវឌ្ឍន៍គួរតែបន្តសម្រួលលក្ខខណ្ឌបង់ប្រាក់។នេះបើយោងតាមលោក Joey Roi Bondoc នាយក និងជាប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Colliers Philippines ។
ចំណែក ទីផ្សារអចលនទ្រព្យផ្នែកលក់រាយនៅតែមានភាពរឹងមាំ ខណៈម៉ាកយីហោបរទេសជាច្រើនបានពង្រីកវត្តមាននៅទូទាំងប្រទេសហ្វីលីពីន ហើយប្រតិបត្តិករផ្សារទំនើបបានរាយការណ៍ថា ចរាចរណ៍អ្នកប្រើប្រាស់នាពេលនេះមានសភាពមមាញឹកជាងមុនជំងឺរាតត្បាត។
សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង៥,៤ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ទាបជាងការព្យាករណ៍ដែលកំណត់ដោយរដ្ឋាភិបាល និងវិស័យឯកជន។ នាយកដ្ឋានផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានលើកឡើងថា ប្រទេសហ្វីលីពីនត្រូវការកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន៦,២ភាគរយ នៅក្នុងរយៈពេល៣ត្រីមាសបន្ទាប់ ដើម្បីបំពេញតាមគោលដៅកំណើនសេដ្ឋកិច្ចអប្បបរមាចន្លោះពី៦ភាគរយទៅ៧ភាគរយ។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានបង្ហាញការជឿជាក់ថា ការពន្លឿនកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០២៥នេះ នឹងជួយគាំទ្រដល់កំណើននៃវិស័យអចលនទ្រព្យ។
ជាមួយគ្នានេះ ធនាគារកណ្តាលហ្វីលីពីនបានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយ មកនៅត្រឹម៥,៥ភាគរយ នៅក្នុងខែមេសា ដោយសារអតិផរណាបន្តថយចុះ។ ក្រុមអ្នកវិភាគព្យាករណ៍ថា ធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតមុនដំណាច់ឆ្នាំ២០២៥ ដែលនឹងជះឥទ្ធិពលវិជ្ជមានលើការចំណាយក្នុងគ្រួសារ៕