ប្រមុខការពារជាតិកម្ពុជាៈភាគីថៃបានបំពានMOUឆ្នាំ២០០០ចំនួន៦៩៥លើក

0

ដោយៈ គង់ សូរិយា

    ត្បូងឃ្មុំៈ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអះអាងថា ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ សីហានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ការបំពាន MoU ឆ្នាំ២០០០ គឺថៃជាអ្នកបំពានលើសពីកម្ពុជាដាច់តែម្តង។

នាយឧត្តមសនីយ៍បានបញ្ជាក់ថា “យើងបានចងក្រង យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬមិនគោរពនូវMoU ឆ្នាំ២០០០”។ លោកបន្ថែមថា “យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន៦៩៥ករណី ដែលបំពានទៅលើMoU ឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា”

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហាបានបន្តថា វាជារឿងគួរឲ្យអស់សំណើចដែលក្នុងកិច្ចប្រជុំJBC កន្លងទៅភាគីថៃ បានចោទប្រកាន់កម្ពុជាថា បំពានMoU ឆ្នាំ២០០០។ អ្វីដែលថៃចោទកម្ពុជាបំពាននោះ ដូចជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមទៀតថា “ភាគីថៃតែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជា ព្រមទាំងបានចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែនដើម្បីការពារ”។ លោកបន្តថា “ដូច្នេះកម្ពុជាពង្រាយកម្លាំងទ័ព ក៏ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដូចគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here