(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ២ឆ្នាំមកនេះ រដ្ឋាភិបាលដឹកនាំដោយយុវជនបន្តវេនបានខិតខំធ្វើការ ហើយរក្សាបាននូវអ្វីដែលជាសមិទ្ធផលរបស់អ្នកជំនាន់មុន។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។
សម្ដេចតេជោ បានរំលឹកពីប្រសាសន៍របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលធ្លាប់បានលើកឡើងជាមួយសម្ដេចថា «ជួបប្អូនប្រុសគឺជាការសប្បាយ ប៉ុន្តែបែកពីឪពុកគឺជាការលំបាក» ដែលប្រដូចថាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូចជាប្អូនប្រុស ហើយសម្ដេចតេជោ ប្រៀបដូចជាឪពុក។