(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»។